(28-09-2015) ខេត្តប៉ៃលិន៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាដឹកនាំដោយលោក ឌិនគឹម ប្រធានក្រុមការងារ ឯកឧត្តម ធូ ភា អនុប្រធានក្រុមការងារ ព្រមទាំងសមាជិកសមាជិការក្រុមការងារ និងបងប្អូនញាតិមិត្តជិតឆ្ងាយបានចូលរួមកាន់បិណ្ឌ វេនទី១នៅវត្តអូរច្រា ស្ថិតនៅអូរច្រាកណ្កាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងពីធីបុណ្យកាន់បិណ្ឌវេនទី១ ដែលថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ទួលល្វា និងសមាជិកសមាជិការ ក្រុមគ្រួសារ ព្រមទាំងញាតិមិត្តបានធ្វើឡើងនាពេលនេះ គឺបង្ហាញពីទឹកចិត្តសាមគ្គីនិងគោរពស្រឡាញ់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង ។ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីខ្មែរយើង ដែលប្រព្រឹត្តិទៅតាមគន្លងព្រះពុទ្ធសាសនា ហើយដោយនៅល្ងាចថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០១៥ នេះថ្នាក់ដឹកនាំ និងសមាជិកសមាជិការក្រុមការងារ ព្រមទាំងញាតិមិត្តទាំងអស់បានប្រារព្ធពិធីសូត្រមន្តនិងស្តាប់ការសម្តែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃទី២៨ កញ្ញាឆ្នាំ២០១៥ ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយសង្កាត់ទួលល្វា ព្រមទាំងញាតិមិត្តទាំងអស់បានរៀបចំពិធីសូត្រមន្តប័ង្សុកូលនិង រាប់បាត្រវេរប្រគេនគ្រឿងបរិក្ខារ ចង្ហាន់ និងបច័្ចយ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន និងមិត្តយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្ធហេតុការពារជាតិមាតុភូមិ សូមឲ្យពួកគេទាំងឡាយសូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១នៅវត្តអូរច្រា ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយសង្កាត់ទួលល្វា បានប្រមូលបច័្ចយ វេប្រគេនដល់ព្រះសង្ឃសំរាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្តមានចំនួន ១លានរៀលនិង២០ដុល្លា។
[youtube id= “5r4rHyPED5Q”]