ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ចេង ញ៉ាន់ អភិបាលខេត្តប៉ៃលិន លោក ហ៊ិរ៉ូសិ អាតស៊ូស៊ិ លេខាទី២ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ បាន អញ្ជើញចុះសិក្សាផ្លូវលំមួយខ្សែប្រវែង៦៣០០ម៉ែត្រ ដែលរងការខូចខាត នៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ហ៊ិរ៉ូសិ អាតស៊ូស៊ិ លេខាទី២ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា៖ ការចុះមើលផ្លូវមួយខ្សែនេះ ដើម្បីពិនិត្យវាយតម្លៃ និងកត់ត្រាចំនុចដែលបងប្អូនប្រជាពលរដ្ឋលើកឡើង សំរាប់ជាឯកសារយកទៅពិភាក្សាការងារជាមួយថ្នាក់លើ ក្នុងការសម្រេចចិត្ត និងជាពិសេសបានដឹងពីស្ថានភាពជីវភាពនៃការរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុសង្កាត់អូរតាវ៉ៅ សំរាប់ការចូលរួមជួសជុលផ្លូវនេះជូនប្រជាពលរដ្ឋបានធ្វើដំណើរស្រួល។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្នុងនាមប្រជាពលរដ្ឋខេត្តប៉ៃលិនសូមថ្លែងអំណគុណដល់លេខាទី២ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះសិក្សាពិនិត្យមើលផ្លូវមួយខ្សែនេះដោយផ្ទាល់ដើម្បីរៀបចំគំរោងកសាងជួសជុលឡើងវិញ ដែលជាតម្រូវការយ៉ាងទទូចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។ ឯកឧត្តមលើកឡើងថា៖ ផ្លូវគឺជាសសៃឈាមសេដ្ឋកិច្ចដ៍មានសារៈសំខាន់បំផុត សំរាប់ជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការសិក្សា ជួសជុលផ្លូនេះឡើងវិញ គឺជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្តប៉ៃលិន ដែលតែងតែយកចិត្តទុកដាក់បំផុត ដើម្បីជំរុញការអភិវឌ្ឍខេត្ត លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន។
សូមបញ្ជាក់ថា៖ការចុះសិក្សារបស់លេខាទី២ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាផ្លូវមួយខ្សែនេះមានប្រវែង៦៣០០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ ចាប់ពីចំនុចគឺជាប់ផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតដល់ត្រង់ចំនុចស្ពានឈើ ជាប់ផ្លូវភូមិទឹកផុស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
វួច ពឿន