ថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងលោកជំទាវ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងលោកជំទាវ ឯកឧត្តម ធូភា អភិបាលរងខេត្ត ឯកឧត្តម ឃ្លោក នូយ អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត ព្រមទាំងលោក -លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រះសង្ឃ សីលវន្ត សីលវតី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងកម្មវិធីស្រង់ព្រះពុទ្ធរូប បញ្ចប់កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស២៥៦២ នៅវត្តរតសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ព.ស២៥៦៣ និងចូលមកដល់នៅ ថ្ងៃ១រោច ខែពិសាខ ឆ្នាំកុរ ខាងមុខ)។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានលើកឡើងថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងខេត្តប៉ៃលិន ក្នុងឆ្នាំនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្ត មានការកើនឡើង បើប្រៀបនឹងឆ្នាំ២០១៨កន្លងទៅ។ ការកើនឡើងនេះគឺដោយមានកត្តាជាច្រើន ដូចជា កត្តាផ្លូវថ្នល់ធ្វើដំណើរមានការកែលម្អកាន់តែប្រសើ , សោភ័ណភាណក្នុងខេត្តមានការកែលម្អកាន់តែប្រសើ ពិសេសគឺការៀបចំសង្រ្តាន្តឆ្នាំថ្មី ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនរបស់លោកជំទាវ បានស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការធិការក្រសួងការពារជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន , នៅនឹងមាត់ស្ទឹងប៉ៃលិន ដែលធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា នៅឆ្នាំបន្ទាប់ នឹងមានការរៀបចំសង្រ្កាន្តឆ្នាំថ្មីអោយបានកាន់តែល្អប្រសើ អធិកអធមជាងមុន ហើយសង្ឃឹមថា នឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើនទ្វេរឡើង។
សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ភ្ញៀវទេសចរណ៍ដែលបានមកលេងកំសាន្តក្នុងខេត្តប៉ៃលិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា, សរុបមានចំនួន៨២,១២៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨១,៧៨១នាក់និង ភ្ញៀវអន្តរជាតិចំនួន ៣៤៨នាក់។ បើប្រៀបនឹងឆ្នាំ២០១៨ ឃើញថា មានការកើនឡើង២០.៧៩% ដែលឆ្នាំ២០១៨ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងក្នុងខេត្តប៉ៃលិនចំនួន៦៧,៩៨៩នាក់ ប៉ុណ្ណោះ៕
ដោយ៖ វួចពឿន