(14-09-2015) ខេត្តប៉ៃលិន៖ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវជា លាប អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយ លោកស្រី សោមន្នីរ័ត្នប្រធានមន្ទីរអភិវឌ្ឍន៏ជនបទ លោកស្រីសាន សាវឿន ស្នងការរងខេត្តប៉ៃលិន សហការជាមួយមន្ទីរសង្គមកិច្ចបាននាំយកអំណោយស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៣ឃុំ ស្ថិននៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រីប៊ុន គឹម ហេង អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាបានអោយដឹងថា៖ ការចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត ចំនួន៣ឃុំនេះគឺឃុំសាលាក្រៅមានចំនួន៦០គ្រួសារដែលមកពីទាំង៩ភូមិ ឃុំអូរអណ្តូងមាន៦០គ្រួសារដែលមកពី៦ភូមិ និង ឃុំស្ទឹងកាច់ចំនួន៣០គ្រួសារដែលមកពី ៦ភូមិផងដែរ។លោកស្រីបញ្ជាក់ថា៖ អំណោយទាំងនេះដូចជាអង្ករបានមកពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទានិងសំភារៈផ្សេងទៀតបានមកពីសប្បុរសជននានាក្នុងខេត្ត។
លោកជំទាវជា លាប អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមកើត សុធា អភិបាលនៃគណៈអភិបាលខេត្តជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកន្លងមកថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនជានិច្ច។ ជាក់ស្តែងដូចនៅពេលនេះគ្រាន់តែបានទទួលដំណឹងថា មានប្រជាជនយើងក្រីក្រខ្វះខាតស្បៀង ថ្នាក់ដឹកនាំខេត្តក៏បានឲ្យក្រុមការងារចុះមកសួរសុខទុក្ខនិងនាំយកសំភារៈ មកផ្តល់ជូនដល់បងប្អូនដែលកំពុងខ្វះខាតដើម្បីជួយរំលែកនូវការលំបាកខ្វះខាតរបស់បងប្អូនអោយបានទាន់ពេលវេលា។លោកជំទាវក៏បានផ្តាំផ្ញើរដល់បងប្អូនត្រូវខិតខំបន្តបង្កបង្កើតផលបន្តទៀតព្រោះភ្លៀងកំពុងធ្លាក់មកហើយក្រោយពីយើងទទួលនូវគ្រោះរាំងស្ថួតអស់ជាច្រើនខែ។ទន្ទឹមនេះបងប្អូនត្រូវចេះថែរក្សាសុខភាព និងអនាម័យជានិច្ច និងត្រូវប្រុងប្រយ័ត្នបំផុតនៅរដូវវស្សាដើម្បីជៀសវាងនូវអភូតិហេតុផ្សេងៗដែលកើតមានឡើងដូចជា៖ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ ខ្យល់កន្ត្រាស់ ជាដើម។ លោកជំទាវបន្តថា៖អំណោយនិងសំភារៈទាំងអស់នេះបានមកពីការឧបត្ថម្ភពីមន្ទីរសង្គមកិច្ច ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី តែវាអាចយកទៅដោះស្រាយក្នុងជីវភាពបានមួយកំរិតផងដែរ។ អំណោយដែលចែកជូននៅនោះ ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម និង ត្រីខ ប្រេងឆាផងដែរ។
[youtube id= “6izy4fJr97w”]