ព្រឹកថ្ងៃច័ន្ទ ៤ កើត ខែចេត្រ ឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ លោកជំទាវ ជា លាភ អភិបាលរងខេត្ត ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានមន្ទីរកិច្ចការនារី លោកស្រីប្រធានមន្ទីរព័ត៌មាន ប្រធានច្រកទ្វារអន្តរជាតិព្រំ និងតំណាងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទា្វរព្រំ បានអញ្ជើញជួបជាមួយលោក ធី រ៉ាក់ណៈ រតនៈ អ៊ូផាត អភិបាលស្រុកពោងណាំរ៉ន និងអាជ្ញាធរថៃពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាច្រើននាក់ទៀតនៅសាលាស្រុកពោងណាំរ៉ន ខេត្តចាន់បូរី នៃព្រះរាជាណាចក្រថៃ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តប៉ៃលិននៃព្រះរាជាណាចក្រកម្ពុជា ពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ច្រទ្វាអន្តរជាតិព្រំរបស់បងប្អូនពលករកម្ពុជា ដែលកំពុងធ្វើដំណើរចាកចេញពីប្រទេសថៃ ត្រឡប់មកស្រុកកំណើតនៅកម្ពុជាវិញ ក្នុងឧិកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ នោក្នុងកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មានបងប្អូនខ្មែរយ៉ាងច្រើននឹងចាកចេញពីប្រទេសថៃដែលជាទីកន្លែងធ្វើការរបស់ខ្លួន ត្រឡប់មកមាតុប្រទេសវិញដើម្បីជួបជុំបងប្អូនកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោកជំទាវបានមានប្រសាសន៍បន្តថា តាមការណែនាំដ៏ខ្ពង់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តត្រូវជួយសម្រួលដល់ប្រជាពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃអោយបានវិលត្រឡប់មកកាន់មាតុប្រទេសវិញដោយងាយស្រួល សុខ សុវត្ថភាព សំរាប់ចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកដោយទទួលបានលទ្ឋផលជាវិជ្ជនមាន ដែលភាគីថៃបានរីករាយយល់ព្រមសម្របសម្រួលជួយដល់ការធ្វើដំណើរមាតុភមិនិវត្តរយៈពេលខ្លីរបស់បងប្អូនពលករ ពលការនីកម្ពុជាច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិន ។
សូមបញ្ជាក់ថា៖ ដោយមានកិច្ចសហប្រតិបត្តកាល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ថៃ ពិសេសរវាងរដ្ឋបាលថ្នាក់ខេត្ត និងខេត្តដែលមានព្រំដែនជាប់គ្នានោះ , សមត្ថកិច្ចនគរបាលថៃ នឹងមិនគិតកំរ៉ៃលើសេវាប្រថាប់ត្រាចេញ លើលិខិតឆ្លងដែនរបស់ពលករកម្ពុជាទេ សំរាប់ឱកាសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ហើយក៏មិនយកកំរៃផងដែរ លើការប្រថាប់ត្រាចូលលើលិខិតឆ្លងដែនរបស់ពលករកម្ពុជា បើសិនជាការត្រឡប់ចូលធ្វើការនៅប្រទេសថៃវិញ នៅមុនថ្ងៃទី៣០ ខែមេសា ប៉ុន្តែនឹងមានការផាកពិន័យ២០០០បាទ បើវិលមកវិញចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩៕ ដោយ វួច ពឿន