ថ្ងៃសុក្រ ១កើត ខែខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយលោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី ស៊្រី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារី តំណាងច្រកទ្វារអន្តរជាតិព្រំ និងតំណាងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំ បានអញ្ជើញចុះសហការជាមួយសមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិព្រំដែនខាងប្រទេសថៃ សម្រួលការធ្វើដំណើរឆ្លងកាត់របស់ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ អោយបានត្រឡប់មកមាតុប្រទេសវិញដោយងាយស្រួល មានសុវត្ថភាព សំរាប់ចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈានមកដល់នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ដោយមានកិច្ចសហប្រតិបត្តការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ និងដោយមានការណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងការជួយសម្រួលដល់ប្រជាពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសថៃអោយបានវិលត្រឡប់មកកាន់មាតុប្រទេសវិញដោយងាយស្រួល សុខសុវត្ថភាព សំរាប់ចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនាក់ទំនង រកការសហការទាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ ធ្វើយ៉ាងណាអោយការធ្វើដំណើរវិលត្រឡប់របស់ពលករកម្ពុជាយើងប្រព្រឹត្តទៅដោយរលូន មានភាពងាយស្រួល មានសុវត្ថភាព និងមិនអស់ថវិកា។ លោកជំទាវបានមានប្រសាសន៍បន្តថា៖ ថ្ងៃនេះយើងបានមកជួបពលករដែល ត្រឡប់ពីធ្វើការនៅប្រទេសថៃ និងបានជួបជាមួយសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍កម្ពុជា និងថៃ ប្រចាំនៅច្រកទ្វាអន្តរជាតិព្រំដែនខេត្តប៉ៃលិន ជំរុញលើការងារនេះអោយបានរលូន។ លោកជំទាវក៏បានថ្លែងអំណគុណដល់សមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ ដែលបានសហការល្អ សម្រួលការធ្វើដំណើររបស់ពលករកម្ពុជាដោយរលូន ពិសេសការមិនយកកំរ៉ៃលើសេវាប្រថាប់ត្រាចេញ- ចូលលើលិខិតឆ្លងដែនរបស់ពលករទាំងអស់។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍សំណេះសំណាលជាមួយពលករ និងបានជូនពអោយពលករទាំងអស់ត្រឡប់ទៅផ្ទះវិញដោយសុខ សុវត្ថភាព សប្បាយរីករាយជួបជុំក្រុមគ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយត្រូវត្រឡប់ទៅធ្វើការវិញអោយតាមពេលកំណត់។
សូមបញ្ជាក់ថា៖ សមត្ថកិច្ចនគរបាលថៃនឹងមិនគិតកំរ៉ៃលើសេវាប្រថាប់ត្រាចូល លើលិខិតឆ្លងដែនរបស់ពលករកម្ពុជាទេ បើពលករត្រឡប់ចូលធ្វើការនៅប្រទេសថៃវិញ នៅមុនថ្ងៃទី៣០ ខែមេសា ប៉ុន្តែនឹងមានការផាកពិន័យ២០០០បាទ បើវិលមកវិញចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩៕ ដោយ វួច ពឿន