នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ នៅមន្ទីដែនដី នគររូបីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្រោមអធិបតីភាព ឯកឧត្តម ហែម រឹទ្ធី អភិបាលរងខេត្តប៉ៃលិន និងដោយមានការចូលរួមពីសំណាក់លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន លោកប្រធាន អនុប្រធានមន្ទីជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះគឺសម្រាប់ភូមិប៉ាហ៊ីជើង ភូមិប៉ាហ៊ីត្បូង ភូមិទឹកថ្លា ភូមិតាង៉ែនលើ ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន និងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ហុង ពៅ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន បានមានប្រសាសន៍ថា កន្លងមកខេត្តប៉ៃលិនបានធ្វើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ២៨៨៩ ប័ណ្ណ ។ លោកបានបន្តទៀតថាសម្រាប់កាចុះបញ្ជីដីធ្លីមន្ទីដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី បានរៀបចំពិធីប្រកាសបឹទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅខេត្តប៉ៃលិន នាពេលបច្ចុប្បន្ន គឺមានពីក្រុម ដែលក្រុមទី ១ អនុវត្តការងារភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្រុមទី២ អនុវត្តការងារនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ដោយឡែកទិន្នន័យដែលត្រូវបឹទផ្សាយនៅពេលនេះ គឺមានភូមិប៉ាហ៊ីត្បូង ភូមិប៉ាហ៊ីជើង ភូមិតាង៉ែនលើ ភូមិសួនអំពៅលិច ភូមិទឹកថ្លា សង្កាត់ប៉ៃលិន និង ភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានចំនួនសរុប ២៨៩៥ ក្បាលដីក្នុងនោះរួមមាន ៖ ភូមិប៉ាហ៊ីជើងមានសរុបចំនួន ០៥៥៨ ក្បាលដី ភូមិប៉ាហ៊ីត្បូងមានសរុបចំនួន ០៥០០ ក្បាលដី ភូមិទឹកថ្លាមានសរុបចំនួន ០៤០៣ ក្បាលដី ភូមិសួនអំពៅលិចមានសរុបចំនួន ០៤៤៦ ក្បាលដី ភូមិតាង៉ែនលើមានសរុបចំនួន ៣៨៦ ក្បាលដី ភូមិកូនភ្នំមានសរុបចំនួន ៦០២ ក្បាលដី ។
មានប្រសាសន៏ក្នុងអង្គពិធី ឯកឧត្តម ហែម រឹទ្ធី អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា៖ ការបិទផ្សាយជាសាធាណៈនូវឯកសារនៃការវិនិច្ឆ័យនេះ មានរយៈពេល ១៥ ថ្ងៃ សម្រាប់អោយអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដីរបស់ខ្លួនពិតជាត្រឹមត្រូវ ឬខុស។ ក្នុងករណីបើមានកំហុសឆ្គង ដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យ ជាដើមនោះ, ម្ចាស់ដីត្រូវស្នើរសុំកែតម្រូវក្នុងរយៈពេល ១៥ ថ្ងៃនេះ។ ឯកឧត្តម ហែម រឹទ្ធី ក៏បានសូមណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ធទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុ្ងតំបន់នេះ ត្រូវបង្ករលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលួនជាមួយក្រុមការងាចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះ ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលួន ៕
ដោយ៖ ជា ពន្លក