ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង មានបើកយុទ្ធនាការពាក់មួកសុវត្ថភាព ដើម្បីសុវត្ថភាពចរផ្លូវគោក ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ហុក សុផល អភិបាលស្តីទីខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសមណាក់លោក អ៊ាត សារ់ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ យុវជន ស.ស.យ.ក ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក អ៊ាត សារ់ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានមានប្រសាសន៍ថា៖ យុទ្ធនាការពាក់មួកសុវត្ថភាព ដើម្បីសុវត្ថភាពចរផ្លូវគោកនេះធ្វើឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ពិសេសអ្នកបើកបរទោចក្រយានយន្ត ក៏ដូចជាការផ្សព្វផ្សាយអោយបានទូលំទូលាយអំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថភាព សំដៅរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តប៉ៃលិន អោយបានជាអតិបរមា។ លោកបានបន្តថា៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅត្រីមាសទី១ ឆ្នាំ២០១៩ រួមមាន៖ ស្លាប់ចំនួន២នាក់ ធៀបដូចគ្នាក្នុងឆ្នាំ២០១៨ ថយចុះចំនួន១នាក់, របួសធ្ងន់ ១១នាក់ ធៀបដូចគ្នាក្នុងឆ្នាំ២០១៨ គ្មានការថយចុះទេ, របួសស្រាល ១៤នាក់ ធៀបដូចគ្នាក្នុងឆ្នាំ២០១៨ ថយចុះចំនួន១០នាក់, ខូចខាតយានយន្តចំនួន២២គ្រឿង ធៀបដូចគ្នាក្នុងឆ្នាំ២០១៨ គឺគ្មានការថយចុះទេ។
ឯកឧត្តម ហុក សុផល អភិបាលស្តីទីខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការចូលរួមគោរពច្បាប់ចរាចរណ៍ប្រៀបបាននឹងយើងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិផងដែរ។ ដូច្នេះ គ្រប់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម និង អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើការណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ត្រូវមានសុជីវធម៌ល្អ និងចេះអធ្យាស្រ័យក្នុងការបើកបរ ពាក់ខ្សែក្រវ៉ាត់សុវត្ថភាព និងមួកសុវត្ថភាពអោយបានត្រឹមត្រូវទាំងអស់គ្នាក្នុងពេលធ្វើដមណើរទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា យើងត្រូវរួមគ្នាបញ្រ្ជាបការយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថភាព និងការគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយអត្រាមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ពិសេសក្នុងអំឡុងពេលមានបុណ្យទាន ដូចជាបុណ្យចូលឆ្នាំជាដើម ដែលសម្បូរដោយមនុស្សម្នាធ្វើដំណើរ ក្នុងដំណើរកំសាន្តទៅកាន់រមណីយដ្ឋាន និងតាមបណ្តាខេត្តនានា។ យុទ្ធនាការថ្ងៃនេះ នឹងរួមចំណែកក្នុងការលើកកំពស់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ចរាចរណ៍អោយបានខ្ចប់ខ្ជួនជាងបណ្តាឆ្នាំមុនៗ។ ឯកឧត្តម ក៏បានសំណូមបរសូមអោយសមត្ថកិច្ចទាំងអស់បន្តរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានតឹងរឹងបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៩ ព្រោះកន្លងមកគ្រោះថ្នាក់ចរាចរណ៍ហាក់ដូចជាគ្មានការថយចុះឡើយ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ ស្របពេលដែលប្រទេសជាតិរបស់យើងមានសុខ សន្តិភាព ធ្វើអោយមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ផ្លូវ ស្ពាន សាលារៀន ប្រព័ន្ធធារាស្រ្ត បណ្តាញអគ្គីសនី ជាដើម មានការកសាងនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស សំរួលដល់ជីវភាពរស់នៅ ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាយើង។ លោកជំទាវបានមានប្រសាសន៍បន្តថា៖ ដោយកត្តាផ្លូវថ្នល់របស់យើងមានលក្ខណៈល្អប្រសើ ហើយប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹងលើច្បាប់ចរាចរណ៍ និងមានចរិតព្រហើនមិនគោរពច្បាប់ចរាចរ ខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរ ខ្វះសីលធម៌ សុជីវធម៌ក្នុងការបើកបរ បានធ្វើអោយការគ្រោះថ្នាក់ចរាចរណ៍មានការកើតឡើងច្រើននៅក្នុងសង្គមជាតិរបស់យើង ដែលនាំអោយបានបង់នូវអាយុជីវិត ពិការភាព និងបាត់បង់ទ្រព្យសម្បត្តិ ពិសេសលើមនុស្សវ័យជំទង់, មនុស្សដែលមានកំលាំងជាបង្គោលក្នុងក្រុមគ្រួសារ នាំអោយគ្រួសារជួបនូវភាពសោកសៅ ធ្លាក់ខ្លួនក្រលំបាកដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ។ លោកជំទាវក៏បានណែនាំសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានការគោរពច្បាប់ចរាចរណ៍អោយបានខ្ចប់ខ្ជួនទាំងអស់គ្នាក្នុងពេលបើកបរ ពិសេសអ្នកបើកបរទោចក្រយាយន្ត ត្រូវពាក់មួកសុវត្ថភាព ហើយមួកសុវត្ថភាពនោះក៏ត្រូវមានគុណភាព និងពាក់អោយបានត្រឹមត្រូវ មិនមែនពាក់មួកដើម្បីតែខ្លាចប៉ូលីសផាកនោះទេ។ ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មដឹកជញ្ជូន ត្រូវរកអ្នកបើកបរដែលចេះច្បាប់ចរាចរណ៍ មានសីលធម៌ល្អសំរាប់ការបើកបរ និងប្រាកដថាគ្មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយឡានធំៗ មានច្រើនករណី និងធ្វើអោយមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា៖ ក្នុងយុទ្ធនាការពាក់មួកសុវត្ថភាព ដើម្បីសុវត្ថភាពចរផ្លូវគោកនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានផ្តល់ជូនគណអធិបតី និងអ្នកចូលរួមទាំងអស់នូវមួកសុវត្ថភាពម្នាក់មួយ ដើម្បីពាក់ និងធ្វើការដង្ហែរដោយក្បួនម៉ូតូ និងរថយន្តសារ៉ែនប៉ូលីសនាំមុខ នៅតាមដងផ្លូវនានានៅក្នុងក្រុងប៉ៃលិនផងដែរ៕
ដោយ៖ វួច ពឿន