មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយក្រុមអ្នកសារព័ត៌មាននៅក្នុងខេត្តប៉ៃលិន ស្តីពី ”ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ” នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន នារសៀលថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩, លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ មុននឹងសរសេរព័ត៌មានយកទៅផ្សាយ អ្នកសារព័ត៌មានទាំងអស់ត្រូវចុះយកប្រភពព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយអ្នកអាន អ្នកទស្សនាធ្វើការថ្លឹងថ្លែង វិន្និច្ឆ័យអោយបានត្រឹមត្រូវ ពីមូលបញ្ហានៅក្នុងសាច់រឿងនោះ។ លោកជំទាវបានមានប្រសាសន៍បន្តថាៈ ការយកប្រភពតែម្ខាង ក្នុងការសរសេរព័ត៌មាន និងធ្វើអោយព័ត៌មាននោះមិនអាចជឿទុកចិត្តបាន និង ធ្វើអោយអ្នកសារព័ត៌មាននោះមានទោសពីបទបរិហាកេរ្តិ៍ទៀតផង។ លោកជំទាវ ជា លាភ បានមានប្រសាសន៍បន្តថា៖ អ្នកសារព័ត៌មាន គឺជាភ្នែក ត្រចៀករបស់ថ្នាក់ដឹកនាំ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម តែមិនមែនជាកញ្ចក់បែក ដែលឆ្លុះឃើញតែម្ខាងនោះទេ។ អ្នកសារព័ត៌មានដែលត្រឹមត្រូវ មានវិជ្ជាជីវៈ គឺបានចូលរួមចំណែកយ៉ាងច្រើក្នុងការអភិវឌ្ឍសង្គម។ ការចុះផ្សាយ រិៈគន់ដើម្បីស្ថាបនា និងការផ្សាយពីសមិទ្ធផលដែលសម្រេចបាន, ពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ នឹងធ្វើអោយប្រជាជន មហាជនបានយល់ជ្រាបបញ្ហាសង្គម និងការរីកចំរើនរបស់សង្គមជាតិរបស់យើង និងធ្វើ អោយមានការចូលរួមចូលរួមក្នុងចលនាសង្គម តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានមានប្រសាសន៍បន្តថាៈ បច្ចុប្បន្ននេះប្រទេសជាតិរបស់យើងកំពុងស្ថិតក្នុងសុខ សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ប្រទេសជាតិរបស់យើងប្រកាន់នូវរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធពេញលេញក្នុងការនិយាយស្តី បញ្ចេញមតិ ពិសេសគឺសេរីភាពផ្នែកសារព័ត៌មាន។ ដូច្នេះដើម្បីទទួលបាននូវសិទ្ធនេះ យើងត្រូវខំរក្សានូវសុខ សន្តិភាព និងដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋភិបាលកម្ពុជាយើង។
សូមបញ្ជាក់ថាៈ នៅក្នុងកិច្ចប្រជុំនោះ ក្រុមអ្នកសារព័ត៌មានក្នុងខេត្តប៉ៃលិនក៏បានស្នើអោយរដ្ឋបាលខេត្ត សហការផ្តល់នូវប្រភពព័ត៌មាន ដើម្បីអោយក្រុមអ្នកសារព័ត៌មានបានចុះទៅយកព័ត៌មានសំរាប់ចាក់ផ្សាយ។ ចំណែកមន្ទីរព័ត៌មានខេត្តវិញ ក៏បានស្នើអោយក្រុមសារព័ត៌មានឯកជនទាំងអស់ត្រូវមកចុះបញ្ជីការនៅមន្ទីរព័ត៌មានខេត្តអោយបានគ្រប់ៗគ្នា៕
ដោយ៖ វួច ពឿន