ថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ឯកឧត្តម សៅ សារ៉ាត់ និង ឯងឧត្តម ហុក សុផល តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និង ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវ បាន ស្រីមុំ បានចុះពិនិត្យ និងព្យបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មានប្រសាសន៍សំណេះសំណាលបើកការពិនិត្យ ព្យាបាលនេះ ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍ថា ដោយមាការមមាញឹកក្នុងការបំពេញបេសកកម្មការងារនៅថ្នាក់ជាតិ ទើបលោកជំទាវមិនអាចមកចូលរួមជាមួយក្រុមការងារ ដើម្បីចុះពិនិត្យ និងព្យបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា លោកជំទាវ បានស្រីមុំ និង ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន តែងមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង្អូនប្រជាពលរដ្ឋយើង។ ជាក់ស្តែងការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ គឺក្នុងគោលបំណងជួយសំរួលដល់ការលំបាក កាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋលើបញ្ហាការថែទាំសុខភាព ដែលមនុស្សគ្រប់រូបតែងមានការជួបប្រទះ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងកំពុងរបស់នៅក្នុងម្លប់នៃសុខ សន្តិភាពដែលរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជាខិតខំរកបានមកដោយលំបាក។ ដោយសារគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទើបធ្វើអោយប្រទេសកម្ពុជាយើងទទួលបាននូវសុខ សន្តិភាពេញលេញ និងមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ ពិសេសនៅក្នុងខេត្តប៉ៃលិននេះ បើគ្មានគោលនយោបាយឈ្នះ ឈ្នះ , ម្លេះមិនដឹងថ្ងៃណាទើបសង្គ្រាមបានបញ្ចប់ ហើយពលរដ្ឋនៅតែបន្តរងទុក្ខលំបាកដោយសារការញាំញីដោយសង្គ្រាម។ ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការដឹកគុណដល់សម្តេចតេជោ តាមរយៈការគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច គាំទ្រគណបក្សប្រជាជនកម្ពុជា និងមិនត្រូវជឿលើការឃោសនាអកុសលណាមួយ ពីក្រុមអគតិដែលតែងតែខិតខំរិៈរកគ្រប់មធ្យោបាយដើម្បីបំផ្លាញសន្តិភាពនៅស្រុកយើង បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។
សូមបញ្ជាក់ថា៖ ការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺដោយមានការឧបត្ថម្ភទាំងស្រុងពីឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បានស្រីមុំ អ៊ីឈាន អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។ ការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនេះ ធ្វើឡើងបានមួយវគ្គរូចមកហើយ កាលពីអាណត្តិទី៥ នៃរដ្ឋសភា ដោយបានពិនិត្យ ព្យាបាលជូនប្រជាជលរដ្ឋបានចំនួន៥៤លើក មានប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តបានមកទទូលការពិនិត្យ ព្យាបាលបានចំនួន ២៧៥៧២ នាក់។
ដោយ៖ វួច ពឿន