នៅថ្ងៃអង្គារ១៤កើត ខែផល្គុន ឆ្នាំចរ សំរីទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ខែ មីនាឆ្នាំ២០១៩ លោក សំ សារ៉េត អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ រួមដំណើរដោយ លោក ទីត ធី អភិបាលរងស្រុក លោកមេឃុំសាលាក្រៅ លោកមេភូមិ ព្រមទាំងមន្រ្តីសាលាស្រុកមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងនូវការខូចខាតចំនួន២០ខ្នង ដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សំ សារ៉េត បានមានប្រសាសន៍សំដែងការព្រួយបារម្ភចំពោះសុវត្ថភាពរបស់ប្រជាពលរដ្ឋដោយសារគ្រោះធម្មជាតិ ព្រោះថា បច្ចុប្បន្ននេះគ្រោះធម្មជាតិហាក់មានភាពកាចសាហាវជាងមុន។ លោកបានមានប្រសាសន៍ថា បច្ចប្បន្ននេះកាលណាមានភ្លៀងធ្លាក់ តែងនាំមកជាមួយនូវខ្យល់កន្រ្តាក់ ដែលបង្ករភាពអន្តរាយដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយើង។ ជាក់ស្តែង នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ដោយផ្ទៃមេឃមានភាពអួអារប់ និងមានធ្លាក់ភ្លៀងខ្លះៗ នៅក្នុងខេត្តប៉ៃលិន ក៏កើតមានបាតុភូតខ្យល់កន្រ្តាក់ ធ្វើអោយខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋយើងរហូតដល់២០ខ្នងផ្ទះ។ លោកសំ សារ៉េត ក៏បានណែនាំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងរកវិធានការទប់ទល់ជាមួយគ្រោះធម្មជាតិ ពិសេសការពាទប់ស្កាត់ភ្លើងឆេះព្រៃ និងត្រូវមានការសន្សំសំចៃទឹកសំរាប់ប្រើប្រាស់ព្រោះថា នេះជារដូវរាំងស្ងួត ដែលតាមការព្យាករណ៍ គឺកំដៅនឹងកើនឡើងរហូតដល់ជាង៤០ អង្សា និងអូសបន្លាយរហូតដល់ ២ខែទៀត។ លោកក៏បានណែនាំដល់មន្រ្តីស្រុក ត្រូវប្រមូលព័ត៌មានពីការខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋអោយបានច្បាស់លាស់ សំរាប់រៀបចំជំនួយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋយើង សំរួលដល់ការលំបាកខ្លះៗក្នុងជីវភាពប្រចាំថ្ងៃ៕ ដោយ៖ វរ វណ្ណា