ព្រះសពព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិនត្រូវបានធ្វើពិធីបូជា


ល្ងាចថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ  មីនា ឆ្នាំ២០១៩ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទជាច្រើននាក់ទៀត បានអញ្ជើញចូលរួមក្នុងពិធីបូជាព្រះសពព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិន នៅលើកំពូលភ្នំយ៉ាត ខេត្តប៉ៃលិន។

មានប្រសាសន៍សំណេះសំនាលនាឱកាសនោះ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានលើកឡើងថា៖ ជាការពិតណាស់រាល់រូបនៃមនុស្ស​ សត្វ ដែលកើតឡើងក្នុងលោកសន្និវាសន៍នេះ គឺសុទ្ធសឹងតែស្ថិតនៅក្រោមសំណាញ់នៃព្រះត្រៃលក្ខណ៍ កើត ឈឺ ស្លាប់ ដែលមិនអាចជៀសបាន។ ព្រះពុទ្ធដីការរបស់ព្រះសម្មាសម្ពុទ្ធ ជាព្រះបរមគ្រូនៃយើង បានទូន្មាន ប្រៀនប្រដៅដល់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបថា ជីវិតមនុស្ស ឬសត្វនៅក្នុងលោកយើងនេះ គ្មាននណាម្នាក់អាចគេចផុតពីសេចក្តីស្លាប់បានឡើយ កុំថាឡើយអង្គព្រះមហាក្សត្រ  ព្រះសង្ឃ មន្រ្តីជាន់ខ្ពស់ ឧុកញ៉ាមហាមន្រ្តី អ្នកមាន អ្នកក្រ ស្បែកស ស្បែកខ្មៅ ចាស់ ក្មេង ។ល។  សូម្បីតែព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចៈទាំង៤យ៉ាងណាក្តី គង់ព្រះអង្គយាងចូលព្រះបរិនិព្វាន ដូចជាមនុស្សបថុជនយើងដែរ។ ជាក់ស្តែងព្រះរតនមុនី ចាន់ គង់, ទោះបីជាព្រះសង្ឃ សិស្សគណ អាចារ្យ គណកម្មាការ ពុទ្ធបរិស័ទ ញាតិមិត្ត និងសាច់សារលោហិត ខិតខំប្រើប្រាស់គ្រប់វិធីយ៉ាងណាក៏ដោយ ក៏មិនអាចការពារព្រះជន្មព្រះអង្គ អោយគេចផុតពីក្តីមរណាបានឡើយ, ទីបំផុតព្រះអង្គក៏បានទទួលអនិច្ចធម្មក្នុងព្រះជន្ម៨១ ព្រះវស្សា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមក្រុមប្រឹក្សា គណអភិបាល មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ពុទ្ធបរិស័ទជិតឆ្ងាយ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពព្រះគ្រូ រតនមុនី ចាន់ គង់ ដោយអារម្មន៍ក្តុកក្តួល និងមនោសញ្ចេតនាស្តាយស្រណោះ អាឡោះអាល័យក្រៃលែង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការទទួលអនិច្ចធម្មរបស់របស់ព្រះរតនមុនី ចាន់ គង់ សម្រាប់ក្រុមគ្រួសារនៃសព គឺជាការបាត់បង់នូវបុគ្គលជាប្តី ជាជីតា និងជាឳពុកជាទីគោរពស្រលាញ់របស់កូនៗទាំងអស់ ប៉ុន្តែសម្រាប់រដ្ឋបាលខេត្ត សិស្សគណ និងពុទ្ធបរិស័ទទាំងអស់ គឺជាការបាត់បង់នូវព្រះមហាថេរមួយអង្គ ដែលបានបូជាកម្លាំងកាយ កម្លាំងព្រះទ័យ និងបញ្ញាញាណបំរើខ្ចប់ខ្ជួនក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គម ដោយព្រះអង្គបានដឹកនាំ កសាងបាននូវសមិទ្ធិផលជាច្រើន បំរើអោយវិស័យសង្គម និងវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តប៉ៃលិន និងបានបន្សល់ទុកនូវអនុស្សាវរីយ៍កម្សត់កម្រជាច្រើន ដែលធ្វើអោយយើងមានសេចក្តីសោកស្តាយរកអ្វីមកថ្លែងពុំបានឡើយ។

សូមបញ្ជាក់ថា៖ ព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិនបានសុគត់ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣​ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៦ និង២៤នាទីល្ងាច ក្នុងព្រះជន្ម ៨១ព្រះវស្សា។ ព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិន បានបន្សល់ទុកនូវស្នាដៃ សិមិទ្ធិផលជាច្រើនសំរាប់ពុទ្ធបរិស័ទ កូនចៅជំនាន់ក្រោយ ដូចជា៖ កសាងព្រះវិហាវត្តគិរីរតនារាម (ភ្នំយ៉ាត), កសាងឧបដ្ឋានសាលា, កសាងផ្លូវឡើងភ្នំ, កសាងជណ្តើរឡើងភ្នំ, កសាងកុដិធំ, កសាងកុដិថ្ម និងឈើសំរាប់ព្រះសង្ឃគង់, កសាងអាស្រមលោកយាយយ៉ាតខាងលើភ្នំ, កសាងអាស្រមព្រះគោ ព្រះកែវ, កសាងអាស្រមលោកយាយទេព, ជួសជុលចេតីយ៍តូច, កសាងសំណាកព្រះពុទ្ធអង្គកំពស់២១ម៉ែត្រ, កសាងសំណាកព្រះពុទ្ធអង្គទ្រង់បាតកំពស់៥ម៉ែត្រ, កសាងអាស្រមលោកយាយយ៉ាត និងរបងខាងក្រោម, កសាងព្រះមុជ្ជលិន្ទ, កសាងប្រាសាទ៨ទិស, ជួសជុលចេតីយ៍ធំ និងសំណង់ផ្សេងៗទៀតជាច្រើន ព្រមទាំងមានដាំកូនឈើជុំវិញភ្នំយ៉ាតគ្រប់ប្រភេទចំនួន​៨០០០ដើមផងដែរ៕

ដោយ៖ វួច ពឿន