អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រជុំត្រៀមរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព


នៅរសៀលថ្ងៃព្រហស្បតិ៍  ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩  ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរា​ចរណ៍​ផ្លូវគោក បានប្រជុំត្រៀមរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពផ្លូវគោក ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករងរដ្ឋបាល សាលាខេត្ត តមណាងស្នងការនគរបាលខេត្ត លោក-លោកស្រីប្រធានអនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្តផងដែរ។

លោក គុំ គឹមអេន អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការរៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីសុវត្ថិភាពផ្លូវគោក នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ខាងមុខ ដោយមានការចូលរួមពីថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមយុវជនកាយរឹទ្ធ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស  ដែលមានគោលដៅចាប់ពីវត្តរតនៈសោភ័ណរហូតដល់វត្តសតិមារាមហៅវត្តអូច្រារ និងបន្តពីវត្តអូរច្រារទៅវត្តបេងសុវណ្ណារាម ឆ្ពោះទៅភូមិសួនអំពៅ រហូតដល់សាលាខេត្តប៉ៃលិនវិញ។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ ការៀបចំយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីសុវត្ថិភាពផ្លូវគោកនាពេលនេះ មានគោលបំណងដើម្បីជាការបំផុសស្មារតីដល់អ្នកប្រើប្រាស់លើផ្លូវទាំងអស់ ជាពិសេសអ្នកបើកបរទោចក្រយានយន្តត្រូវមានការប្រុងប្រយ័ត្នក្នុងពេលបើកបរ ត្រូវគោរពច្បាប់ចរាចរអោយបានខ្ចប់ខ្ជួន ពិសេសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងអោយច្បាស់អំពីផលប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព ។​ ឯកឧត្តមបានណែនាំដល់សមត្ថកិច្ចជំនាញ សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈសម្បត្តិអោយបានច្បាស់លាស់ ម្ចាស់ការក្នុងការការពារសុវត្ថិភាព សណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈ ជៀសវាងបង្ករអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ជាពិសេសមន្ទីរពាក់ព័ន្ធត្រួវជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនឡានដឹកដី និងឡានធំ ត្រូវសម្រួលការធ្វើចរាចរណ៍នៅពេលដែលក្បួនយុទ្ធនាការពាក់មួកសុវត្ថិភាពដើម្បីសុវត្ថិភាពផ្លូវគោកចាប់ផ្តើម។ ឯកឧត្តមក៏បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលា ព្រោះវាមានសារៈប្រយោជន៍ក្នុងការការពារអាយុជីវិតរបស់យើង៕