សាខាពន្ធដាខេត្តប៉ៃលិនបើកសិក្ខាសាលាផ្សព្វផ្សាយ វប្បធម៌បង់ពន្ធ ជូនដល់ម្ចាស់សហគ្រាស និងអាជីវករទូទាំងខេត្តប៉ៃលិន


ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩  នៅសាលាខេត្តប៉ៃលិន សាខាពន្ធដាខេត្តប៉ៃលិនបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីវប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជូន ដល់ ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអាជីវករ ទូទាំងខេត្តប៉ៃលិន។ ពិធីបើកសិក្ខាសាលា នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត  និង ឯកឧត្តម  ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីលោក- លោកស្រីអភិបាលរងក្រុង/ស្រុក លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ លោក មេឃុំ/ ចៅសង្កាត់ និង ម្ចាស់សហគ្រាស ក្រុមហ៊ុន អាជីវករជាច្រើនអ្នកផងដែរ។

បន្ទាប់ពីលោក ជា វិចិត្រ អនុប្រធានការិយាល័យបំណុល នៃសាខាពន្ធដារ ខេត្ត ប៉ៃលិនបានធ្វើបទបង្ហាញស្តីពីពន្ធប៉ាតង់ ជូនដល់ម្ចាស់សហគ្រាស់ក្រុមហ៊ុន និងអាជីវកររួចមក ,លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីវប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារ នៅ ពេលនេះមានសារៈសំខាន់ណាស់ចំពោះការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុ សាធារណៈរបស់ រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ និង​​ផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំង​ឡាយ ឲ្យ​​ស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដែលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ដូច្នេះសហគ្រាសអ្នកជាប់ពន្ធទាំងអស់ត្រូវចូល​រួម និង គាំទ្រ ការពង្រឹងវប្បធម៌ នៃការបង់ពន្ធឲ្យ បានគ្រប់ៗគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយ មានការរីកចំរើនឡើង។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ ឆ្លងតាមសិក្ខាសាលានាពេលនេះ នឹងធ្វើអោយម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវករទាំងអស់បានយល់ដឹងពីនិតិវិធីនៃការបង់ពន្ធ និងអ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋអោយបានគ្រប់ៗគ្នា និង ជាការជំរុញដល់អង្គភាពជាប់ពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ សម្របសម្រួល ក្នុងការបំរើសេវាសាធាណៈ  និងណែនាំប្រជាពលរដ្ឋអោយយល់ពីការបង់ពន្ធ អោយបាន ត្រឹមត្រូវ ឆ្លើយតបទៅនឹងផែនការប្រមូលចំណូលពន្ធរបស់ អគ្គនាយក ដ្ឋានពន្ធដារ ដែលកំពុងធ្វើការកំណែទម្រង់ និង ពង្រឹងការអនុវត្ត ច្បាប់ពន្ធដា ស្របតាមយុទ្ធសាស្រ្តកៀរគរកចំណូល ធានាបាននូវអភិបាលកិច្ចល្អ បរិយាកាសធុរកិច្ចដ៏ប្រសើរ តាមរយៈការប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំ ដល់អង្គភាព ជាប់ពាក់ ព័ន្ធទាំងអស់ ត្រូវ ចងចាំពី អនុក្រមរបស់រាជរដ្ឋាភិបាល គឺ ងូត ទឹក ដុស ក្អែល ឆ្លុះកញ្ចក់ និង វះកាត់។ ទន្ទឹមនឹងនេះត្រូវចេះ សាមគ្គី សហការឯកភាព និងខិតខំបំពេញការងារអោយ បានត្រឹមត្រូវ ទៅតាមតួនាទីភារៈ កិច្ច របស់ខ្លួនអោយទទួលបានជោគជ័យ៕