នៅរសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានការរៀបចំកម្មវិធីបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការឆ្នាំ២០១៨ ផ្សព្វផ្សាយទិសដៅបន្តសម្រាប់ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងប្រកាសតែងតាំង, តំលើងឋានន្តរស័ក្កដល់មន្រ្តីនគរបាជាតិចំនួន១០នាក់ផងដែរ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមាន លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាដំបូងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រមទាំងថ្នាក់ដឹកនាំ និងកងកំលាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនបានធ្វើបានឲ្យដឹងថា៖ សន្និបាតនេះ យើងបានរកឃើញនូវចំណុចខ្លាំងចំណុចខ្សោយជាច្រើនដែលកម្លាំងនគរបាលខេត្តប៉ៃលិនបានខិតខំប្រឹងប្រែងអនុវត្តន៍អស់រយះពេលកន្លងមកនេះ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តហើយចំណុចខ្លាំងទាំងនេះត្រូវបានសន្និបាតទាំងមូលចាត់ទុកជាបទពិសោធន៍សម្រាប់អនុវត្តបន្តទៀត។លោកបានបន្តថា៖ ចំពោះបញ្ហាប្រឈមមួយចំនួនត្រូវបានអង្គសន្និបាតរួមគ្នាពិភាក្សារកដំណោះស្រាយហើយត្រូវបានចាត់ទុកជាធាតុចូលថ្មីមួយទៀត សម្រាប់ដាក់បន្ថែម ក្នុងទិសដៅរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីអនុវត្តន៍ឲ្យសម្រេចបាននូវទិសដៅ ឆ្នាំ២០១៩ របស់អគ្គស្នងការនគរបាលជាតិផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិនតែងតែសហការជាមួយកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងខេត្ក រាល់សភាពការនិងកិច្ចការការពារសុខសុវត្ថិភាពថ្នាក់ដឹកនាំនានា ការបោះឆ្នោត ការប្រារព្ធពិធីបុណ្យជាតិតូចធំ និងបង្ក្រាបទល្មើសផ្សេងៗ ជាពិសេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តប៉ៃលិនប្រកបដោយភាពសុខសាន្ត។ ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបម្រើរាស្ត្រដោយឆន្ទះនិងទំនួលខុសត្រូវខ្ពស់មិនត្រូវកៀបសង្កត់និងធ្វើបាបប្រជាពលរដ្ឋជាដាច់ខាត ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈនិងគោលការណ៍ច្បាប់លាស់ ជាពិសេសប៉ូលីសចរាចរណ៍រាល់ការផាកពិន័យតាមដងផ្លូវត្រូវមានក្រមសីលធម៌សុភាពរាបសារ ហើយអនុវត្តន៍តាមច្បាប់ត្រឹមត្រូវមិនប្រកាន់បក្សពួកនិយមឡើយ ។ ចំពោះជនណាដែលបើកបរមិនគោរពច្បាប់និងបើកបរក្នុងស្ថានភាពស្រវឹងត្រូវចាប់ឃាត់ខ្លួនតាមនិតិវិធីច្បាប់ គ្មានករណីលើកលែងព្រោះវាអាចបង្កគ្រោះថ្នាក់តាមដងផ្លូវដល់អ្នកដ៏ទៃ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា៖ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ នៅតែរក្សាបាន ស្ថានភាពសន្តិសុខជាតិ មានលក្ខណៈល្អប្រសើរខណៈដែលស្ថានការណ៍ក្នុងតំបន់មួយចំនួនក៏ដូចជានៅលើពិភពលោកបាននឹងកំពុងប្រឈមបញ្ហាសន្តិសុខ និងបញ្ហាមួយចំនួនជាច្រើនទៀតផងដែរ។ ជាក់ស្តែងប្រទេកម្ពុជាបញ្ជៀសបាននូវអំពើភេរវកម្មស្របពេលដែលភេរវកម្មលើពិភពលោកកើនឡើង ៧៣លើក លើ៥៤ប្រទេស។ ឯកឧត្តមបន្តថាៈព្រឹត្តិការណ៍នានា វេទិកាជាតិ និងអន្តរជាតិជាង ៨០០០លើក ត្រូវបានថែរក្សាការពារនូវសុវត្ថិភាពទាំងស្រុង ជាពិសេស ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ពិធីបុណ្យជាតិជាច្រើននិងកម្មវិធីផ្សេងៗ សុទ្ធតែប្រព្រឹត្តទៅប្រកបដោយជោគជ័យទាំងស្រុង ទាំងនេះបង្ហាញពីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ឯកឧត្តមក៏បានកោតសសើរដល់ថ្នាក់ដឹកនាំកងកម្លាំងសមត្ថកិច្ចខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយទទួលខុសត្រូវខ្ពស់និងមានឆន្ទះនិងស្នាដៃល្អជាច្រើនផងដែរ។ ដូច្នេះថ្នាក់ដឹកនាំកងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបន្តបង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗ ៧ចំនុចដូចជា៖ ទី១.ការងាររួមដោយធ្វើយ៉ាងណាពង្រឹងដឹកនាំកម្លាំងដោយស្មារតី ទទួលខុសត្រូវខ្ពស់លើការអនុវត្តន៍តួនាទីភារៈកិច្ចជំនាញ និងស្មោះត្រង់ដើម្បីប្រជាពលរដ្ឋ ជាពិសេសការងារប្រចាំបញ្ជាពីស្នងការដ្ឋាន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការទទួលខុសត្រូវនិងឆ្លើយតបអន្តរាគមន៍ទាន់ពេលវេលា។ ទី២.ការងារសន្តិសុខធ្វើយ៉ាងណាបង្កើនប្រមូលវិភាគព័ត៌មានទប់ស្កាត់អំពើភារវៈកម្ម ឧបាយកលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ការពារឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសបច្ចេកវិទ្យានិងព័ត៌មានបំពុលសង្គម ព្រមទាំងបង្កើនការបង្ក្រាបចំណីអាហារនិងឱសថខូចគុណភាពដែលប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ទី៣.ការងារនគរបាលយុត្តិធម៌ជម្រុញការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព អោយកាន់តែសកម្មថែមទៀតដើម្បីរួមចំណែកបង្ការទប់ស្កាត់បទល្មើស នឹងពង្រឹងសន្តិសុខក្នុងមូលដ្ឋាន។ ទី៤.ការងារសណ្តាប់ធ្នាប់សាធារណៈត្រូវធ្វើយ៉ាងណាពង្រឹងវិធានការគ្រប់គ្រង ត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងអង្គភាពតាមដងផ្លូវនិងស្រាវជ្រាវប្រភពអាវុធអោយបានហ្មត់ចត់ច្បាស់លាស់ជៀសវៀងហានិភ័យកើតឡើងជាយថាហេតុ។ ទី៥.ការងារអត្តសញ្ញាណកម្មត្រូវពង្រឹងសមត្ថភាពកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យអនុវត្តន៍តួនាទីភារៈកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់។ ទី៦.ការងារនគរបាលព្រំដែនធ្វើយ៉ាងណាបន្តពង្រឹងនិងសហប្រតិបត្តិការ ជាមួយកម្លាំងការពារព្រំដែនជាមួយប្រទេសជិតខាងអោយបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ចេញ-ចូលឆ្លងកាត់ច្រកព្រំដែន និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ទី៧.ការងារសេនាធិការត្រូវមានកម្លាំងអន្តរាគមន៍ត្រៀមប្រចាំការសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះធម្មជាតិផ្សេងៗ។ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ត្រូវធ្វើប្រអប់សំបុត្រថ្មីបន្ថែមទៀតនិងផ្តល់នូវលេខទូរស័ព្ទដើម្បី ងាយស្រួលឲ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានផ្សេងៗមកសមត្ថកិច្ចយើងទាន់ពេលវេលា។
ក្នុងឱកាសនោះក៏មានប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចំនួន ៧នាក់ ថ្នាក់វរសេនីយត្រីចំនួន ០២រូប ថ្នាក់វរសេនីយ៍ឯកចំនួន ០៣រូប និងថ្នាក់វរសេនីយ៍ទោចំនួន ០២រូប និងបានតម្លើងឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនមានថ្នាក់វរសេនីយ៍៍ទោចំនួន ០៨រូប និងថ្នាក់វរសេនីយ៍ត្រីមានចំនួន ០៥រូបផងដែរ។