ល្ងាចថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ ខែមីនា ឆ្នាំ២០១៩ មន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។ ទិវានេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមាន៖ លោកជំទាវភរិយាឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ភរិយាឯកឧត្តមអភិបាល អភិបាលរងខេត្ត លោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជកម្មខេត្ត លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងស្រ្តីជាអាជីវករ បុគ្គលិកសមាគមន៍ និងអង្គការនានា សរុបជាង៣០០នាក់។
លោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ទិវានារីអន្តរជាតិ៨មីនា ធ្វើឡើងគឺជាការរំលឹកដល់ការតស៊ូដ៏ស្វិតស្វាញរបស់នារីដើម្បីទទួលបាននូវសិទ្ធសេរីភាព ភាពស្មើមុខស្មើមាត់ជាមួយបុរស់ ដែលការតស៊ូនេះទទួលបានជោគជ័យទាំងស្រុងនៅថ្ងៃទី៨ ខែមីនា។ លោកស្រីបានបន្តថាៈ នៅឆ្នាំនេះ ទិវានារីអន្តរជាតិ ៨មីនា លើកយកប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រ ជំរុញឱ្យមាន ការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តីដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ សម្តេចតេជោ បានអំពាវនាវឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទូទាំងប្រទេសចូលរួមទាំងអស់គ្នាដើម្បីអនុវត្តចំណុចសំខាន់ៗមួយចំនួនដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងកិច្ចគាំពារសង្គមចំពោះស្រ្តីឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា៖ សម្តេចតេជោហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍសង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទូទាំងប្រទេសចូលរួមទាំងអស់គ្នាដើម្បីអនុវត្តចំណុចសំខាន់សំខាន់មួយចំនួន ដែលរួមមាន ទី១/ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្ដល់អាទិភាពបង្កើនចំនួនស្ត្រីឲ្យមានតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ និងគ្រប់កម្រិតទៅតាមសមត្ថភាពដែលមាន ហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់ ។ ទី២/ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការឱ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវសហការគ្នាបង្កើតឲ្យមានមូលដ្ឋានស្ថិតិរួមជាផ្លូវការមួយដែលអាចតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ ទី៣/ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យពង្រឹងការអនុវត្តវិន័យ។ ទន្ទឹមនឹងនេះត្រូវបន្តផ្ដល់ឱកាសដល់ក្មេងស្រីនៅក្នុងការទទួលបានការអប់រំគ្រប់កម្រិត ។ ទី៤/ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតនៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់បញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងអំពើហិង្សាការកេងប្រវ័ញ្ចលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធអ៊ីនធឺណែត និងបណ្ដាញផ្សព្វផ្សាយផ្សេងៗដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់សង្គម និងទី៥/ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំល្អៗ ដើម្បីបង្ហាញអំពីអត្តចរិតស្ត្រីខ្មែរ ជាពិសេសការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ មានលក្ខណៈជាស្ត្រីខ្មែរ សាកសមជាប្រទេសដែលមានអរិយធម៌រុងរឿងនៅគ្រប់ជំនាន់ ។
សូមបញ្ជាក់ថា៖ យោងទៅតាមរបាយការណ៍ដែលចងក្រងដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានឱ្យដឹងថា នៅក្នុងចំណោមមន្រ្តីរាជការស៊ីវិលដែលមាននៅកម្ពុជាសរុបចំនួន ២១៧.១៧១ នាក់, ស្រ្តីគឺមានប្រមាណជា ៤១% ឬ ចំនួនប្រមាណ ៨៨.៥៨០នាក់៕
ដោយ៖ វួច ពឿន