មន្ទីរសុខាភិបាលខេត្តប៉ៃលិនធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩


ព្រឹកថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន, មន្ទីរសុខាភិបាលខេត្ត បានធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ អង្គសន្និបាតនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រី និងបុគ្គលិកសុខាភិបាល អង្គការដៃគូពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោក អាង នាង ប្រធានមន្ទីរសុខាភិបាលបានមានប្រសាសន៍ថា៖ ការផ្តល់សេវាសុខាភិបាលខេត្តប៉ៃលិន នៅឆ្នាំ២០១៨ គឺបានធ្វើការពិនិត្យពិគ្រោះជំងឺករណីថ្មី សរុបចំនួន២៥,៧៧០ ករណី។ សេវាសំរាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក៖ មានអ្នកជំងឺសំរាក ព្យាបាលសរុបចំនួន ៦០គ្រែ  ស្មើរនឹងចំនួន ៦,០៥០នាក់, ស្រ្តីក្នុងវ័យបន្តពូជ បានទទួលសេវាពន្យាកំណើតបែបទទំនើប បានចំនួន ២០០៩នាក់ ស្មើនឹង១៥.៨% , សេវារំលូតកូនមានសុវត្ថិភាព មានចំនួន ១៦៨នាក់, សេវាពិនិត្យថែទាំគភ៌មុនសម្រាល និង ស្រ្តីមានគ៌ភរំពឹងទុក មានចំនួន ១,៦៩៥នាក់។ ស្រ្តីមានគភ៌បានមក ពិនិត្យថែទាំគ៌ភ មុនសម្រាលលើកទី២ មានចំនួន១,០៣៣នាក់ និងលើកទី៤ មានចំនួន១៥៣០នាក់ ស្មើនឹង៨២.៣% ។ ការសំរាលកូនមានសុវត្ថិភាព៖ មានស្រ្តីចំនួន ១,៧៥៥នាក់ នឹងការសំរាលកូនដោយវិធីវះកាត់នៅមន្ទីពេទ្យ បង្អែកខេត្តចំនួន ១០៦ករណី ស្មើរនឹង៦.០៣% ។ សេវាបង្កាចម្លងមេរោគអេដស៍ពីម្តាយទៅកូន៖ ស្រី្តមានផ្ទៃពោះបានមកធ្វើតេស្តឈាមរកមេរោគអេដស៍វិជ្ជមាន មានចំនួន ០៣នាក់, ស្រ្តីជាម្តាយដែលបាន ធ្វើតេស្ត ឈាមរកមេរោគអេដស៍ក្នុងពេលឈឺពោះសំរាលចំនួន ១៣៨នាក់ មានស្រ្តីទទួលART មានចំនួន១១នាក់។ ទារកប្រឈមនឹងកាឆ្លងមេរោគ ចំនួន ០៩នាក់។ ការគ្របដណ្តប់វាក់សាំង៖ មានកុមារក្រោម១ ឆ្នាំមកចាក់ការពារចំនួន ១៦៦៣នាក់ , សេវាពិនិត្យពិគ្រោះកុមារ ក្រោមអាយុ៥ឆ្នាំសរុបចំនួន ៩៦០៧នាក់, ផ្តល់គ្រាប់ថ្នាំជីវជាតិអា និងទំលាក់ព្រូនលើកុមារអាយុពី៦ ទៅ៥៩ ខែ ចំនួន ៧២៣០នាក់ កុមារអាយុ ១២ខែ ដល់ ៥៩ខែសរុបចំនួន ៩,២៧១នាក់។ ផ្តល់គ្រាប់ថ្នាំជីវជាតិដែកដល់ស្រ្តីមានគភ៌ចំនួន ២,២១០នាក់ , ស្រ្តីក្រោយសម្រាលកូនទទួលថ្នាំជាតិដែកចំនួន ១,៦១៤នាក់។ ការមកធ្វើតេស្តឈាមរកមេរោគអេដស៍៖ មានចំនួន ៤,៣០៩នាក់  ក្នុងនោះវិជ្ជមាន ២៤នាក់ , ដៃគូស្រ្តីមានផ្ទៃពោះចំនួន ៨៤៦នាក់ បានមកធ្វើតេស្តឈាមរកមេរោគអេដសន៍ ជាលទ្ធផល គ្មាន។ សេវាថែទាំ នឹងព្យាបាលជំងឺកាមរោគ៖ បានព្យាបាលស្រ្តី បំរើសេវាកំសាន្តបាន ចំនួន១៩នាក់ ក្រុមបុរសស្រលាញ់បុរសចំនួន ០៦នាក់ ស្រ្តីមេផ្ទះចំនួន ១៨៣នាក់ នឹងបុរស ៤១នាក់។ ព្យាបាលជាសះស្បើយជំងឺរបេងបាន៩៥%។ គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់, ការព្យាបាលជំងឺគ្រុនចាញ់នៅមូលដ្ឋានសុខាភិបាលសរុបចំនួន ១២៩ករណី គ្រុនចាញ់ធ្ងន់ធ្ងររមាន ៧ករណី។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ សម្រាប់ខេត្តប៉ៃលិន វិស័យសុខាភិបាលមានលក្ខណៈល្អប្រសើរ។ មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ចេះប្រើភាពឈ្លាសវៃ និងមានការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអនុវត្តការងារ សម្រេចបានលទ្ធផលល្អ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៍បានជំរុញដល់លោក -លោកស្រីជាប្រធាន អនុប្រធាន និងមន្ត្រី គ្រប់ជាន់ថ្នាក់ទាំងអស់ បន្តយកចិត្តទុកដាក់នឹងបង្កើនកិច្ចសហការគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅការងារ ឆ្នាំ២០១៩នេះ ជូនជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល កម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខបានយកចិត្តទុក ដាក់លើវិស័យសុខាភិបាល ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនប្រាក់បៀរវត្សរ៍ជូនមន្ត្រីរាជការមួយឆ្នាំ២ដង, ការផ្តល់ប្រាក់បុរេប្រទានដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, ការអនុវត្ត អង្គភាពថវិកា និង ការអនុវត្តនូវគម្រោងលើកទឹកចិត្ត មួយចំនួនដូចជា៖ ការផ្តល់ប្រាក់លាភការបន្ថែម, ប្រាក់ឧបត្ថមឆ្មបបង្កើតកូនរស់, មូលនិធិសមធម៌សុខាភិបាលជាដើម ក្នុងគោលបំណងធ្វើយ៉ាងណា សំដៅបង្កើនគុណភាព ប្រសិទ្ធភាព នៃសេវាសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋអាចមានលទ្ធភាព ចូលមកប្រើប្រាស់សេវាសុខាភិបាល សាធារណៈប្រកបដោយសមធម៌ និងឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា ទារក និងកុមារ កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយជំងឺឆ្លង និងបន្ថយបន្ទុកជំងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាពសាធារណៈផ្សេងៗទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យរីកចម្រើនដូចបណ្តាប្រទេសជឿនលឿននៅ លើពិភពលោក។ ឯកឧត្តម ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ថ្នាក់ទូទាំងខេត្ត សូមបង្កើនការយកចិត្តទុកដាក់ ក្នុងការបំពេញការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍ ជាពិសេសត្រូវខិតខំ ប្រឹងប្រែងបង្កើនចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចគោលដៅអនុវត្តការងារឆ្នាំ២០១៩៕ ដោយ៖ វួច ពឿន