ថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ លោក/ លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រះសង្ឃ សីលវន្ត សីលវតី និងប្រជាពុទ្ធបរិស័ទជាច្រើនទៀត បានអញ្ជើញប្រារព្វពិធីបុណ្យមាឃបូជានៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនា បានមានប្រសាសន៍ថា៖ ពិធីបុណ្យមាឃបូជាជាពិធីបុណ្យដ៏សំខាន់មួយក្នុងចំណោមបុណ្យសំខាន់ៗជាច្រើនទៀត ក្នុងព្រះពុទ្ធសាសនាមាន៖ បុណ្យមាឃបូជា ពិសាខបូជា និងបុណ្យបវារណា (ចេញវស្សា)ជាដើម។ បុណ្យមាឃបូជា ជាការរំលឹកដល់ព្រឹត្តការសំខាន់ៗចំនួន៣ ក្នុងព្រះពុទ្ធសាសនា នាថ្ងៃ១៥កើតខែពេញបូរមីណ៍ រួមមាន៖ ទី១/រំលឹកដល់ថ្ងៃចតុរង្គសន្និបាត ។ ទី២/រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ។ ទី៣/ ព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ ហើយក៏ជាថ្ងៃដែលព្រះសារីបុត្រសម្រេចជាព្រះអរហន្ត និងជាថ្ងៃព្រះពុទ្ធអង្គប្រកាសតែងតាំងអគ្គសាវគ្គទាំងពីរ គឺព្រះសារីបុត្រជាអគ្គសាវក្កស្តាំ និងព្រះមោគ្គលានជាអគ្គសាវគ្គឆ្វេង។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាពេលនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាគោរពតាមព្រះពុទ្ធសាសនាអស់កាលជាយូរណាស់មកហើយ ដោយរដ្ឋធម្មនុញ្ញបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ គិតត្រឹមឆ្នាំ២០១៧ នៅទូទាំងប្រទេសកម្ពុជា មានវត្តអារាមចំនួន៤,៩២៥វត្ត មានព្រះសង្ឃចំនួន៦៦,០៥៦អង្គ។ ដោយឡែកនៅក្នុងខេត្តប៉ៃលិនមានវត្តចំនួន ៣២វត្ត និងមានព្រះសង្ឃចំនួន៣៥៧អង្គ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ គោលដៅរបស់ព្រះពុទ្ធសាសនាគឺ សន្តិភាព ឬនិព្វាន ហើយសន្តិភាព ឬនិព្វាននេះមិនមែនកើតឡើងដោយសារការបួងសួង បន់ស្រន់ ឬកើតឡើងដោយសារការផ្តល់ ឬប្រទានដោយព្រះជាម្ចាស់អង្គណា ឬអាទិទេពណាឡើយ គឺសន្តិភាពកើតឡើងដោយសារការសន្សំនូវសកម្មភាព៣យ៉ាងគឺ៖ ទី១/ ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនអោយកើតក្នុងជីវិតរស់នៅ ទាំងផ្លូវកាយ វាចារ និងចិត្ត។ ទី២/ ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អ អោយស្ថិតស្ថេរគង់វង្សក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងអំពើល្អខាងផ្លុវកាយ ផ្លូវវាចារ និងផ្លូវចិត្ត។ ទី៣/ ពង្រឹងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តអោយអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ក្នុងនាមប្រជាពលរដ្ឋក្នុងសង្គម និងក្នុងនាមជាពុទ្ធបរិស័ទ មានគោលបំណងរួមគ្នា គឺស្វែងរកសន្តិភាពដោយកាត់បន្ថយបាននូវអស្ថេរភាព កាត់បន្ថយនូវជម្លោះ ក៏ដូចជាអំពើហឹង្សា ដែលកើតចេញពីការប្រគួតប្រជែងគ្នា។ ពោលគឺត្រូវមានការយោគយល់ ផ្តល់កិត្តិយសដល់គ្នា និងគ្នា ចេះរស់នៅជុំគ្នា ប្រកបដោយភាពសុខដុម និងជំរុញការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាព។ ចេះរក្សាបរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុបានយូរអង្វែងដោយមិនព្រួយបារម្ភក្នុងការដណ្តើមគ្នាដើម្បីរស់ និងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញបរិបូរណ៍ ហើយនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ ដូចនេះក្នុងនាមពុទ្ធបរិស័ទ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ បើយើងទាំងអស់គ្នាដើរតាមមាគាររបស់ព្រះសម្មាសម្ពុទ្ធ គឺត្រូវនាំគ្នាថែរក្សាសន្តិភាពនេះអោយនៅគង់វង្សស្ថិតស្ថេរយូអង្វែងតរៀងទៅ ហើយចង់រក្សាសន្តិភាពបានយូងង្វែង គឺត្រូវតែរក្សារដ្ឋាភិបាលសព្វថ្ងៃ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែកុំគាំទ្រពួកក្រុមអគតិដែលប៉ុនប៉ងផ្តួលរំលំរដ្ឋភិបាលស្របច្បាប់, នោះទោះមិនបានទៅដល់នព្វាន ក៏បានទៅដល់ត្រើយសន្តិភាពដែរ៕ ដោយ៖ វួច ពឿន