រសៀលថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរអភិវឌ្ឍនជនបទខេត្តប៉ៃលិន, ក្រុមការងារបច្ចេកទេស PWG – RWSSH ខេត្ត បានបើកកិច្ចប្រជុំស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តប៉ៃលិន ក្រោមអធិភាពឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការដែលជាសមាជិកក្រុមការងារបច្ចេកទេស PWG – RWSSH ខេត្តប៉ៃលិនជាច្រើនរូបទៀត។
កិច្ចប្រជុំក្រុមការងារបច្ចេកទេស PWG – RWSSH ខេត្តនាពេលនេះ គឺដើម្បីពិនិត្យ លើលទ្ធផលការងារដែលអនុវត្តបានក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ និងការពិភាក្សាលើរបាយការណ៍សំរាប់ឆ្លងគណៈអភិបាល សំរាប់ប្រថាប់ត្រាទុកជារបាយណ៍ការផ្លូវការបស់ខេត្ត។
ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះនៅក្នុងខេត្តប៉ៃលិនយើងមានការរីកចំរើនគួរគាត់សំគាល់លើវិស័យទឹកស្អាត និងអនាម័យជនបទ ដោយប្រជាពលរដ្ឋខេត្តប៉ៃលិនចំនួនជាង៦០%ហើយ មានបង្គន់អនាម័យ និងមានទឹកស្អាតប្រើសប្រាស់។ ប្រជាពលរដ្ឋខេត្តប៉ៃលិនភាគច្រើនឈប់បន្ទោបង់ពាសវាលពាសកាល មានការប្រើប្រាស់ទឹកបានត្រឹមត្រូវ ជៀសវាងបាននូវជម្ងឺតម្កាត់ផ្សេងៗដែលកើតចេញពីកង្វះអនាម័យ និងការពិសារទឹកមិនបានត្រឹមត្រូវ។ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីជំនាញ ក៏ដូចជាសមាជិក សមាជិការនៃក្រុមបច្ចេកទេស PWG – RWSSH ខេត្ត ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋខេត្តប៉ៃលិនមានបង្កន់អនាម័យ មានទឹកស្អាតប្រើប្រាស់ទៅតាមផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាព និងអនាម័យជនបទ របស់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា៖ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៨ ប្រជាពលរដ្ឋខេត្តប៉ៃលិន ចំនួន៦១% មានទឹកស្អាតប្រើប្រាស់ និងមានបង្គន់អនាម័យត្រឹមត្រូវ, ឈប់មានការបន្ទោបង់ពាសវលបាសកាលដូចកាលពីអតីតកាលទៀតហើយ៕ ដោយ៖ វួច ពឿន