ឯកឧត្តម អ៊ីឈាន ជួបសំណេះសំណាលជាមួយអាជ្ជាធរមូលដ្ឋាន មន្រ្តីរាជការ និងកងលំលាំងប្រដាប់អាវុធនៅទូទាំងខេត្តប៉ៃលិន


ថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញ ជួបសំណេះសំណាលជាមួយអាជ្ញធរមូលដ្ឋាន មន្រ្តីរាជការ និងកងលំលាំងប្រដាប់អាវុធនៅទូទាំងខេត្តប៉ៃលិនសរុបប្រមាណជិត៣០០នាក់ ដើម្បីពង្រឹងស្មារតីសតិអារម្មណ៍ ទាក់ទងទៅនឹងការប្រកាសដំណើការនិតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី” អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ” ដែលហៅកាត់ថា EBA ពីកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ីឈាន បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់នូវគ្រាលំបាកលំបិនជាច្រើនរាប់មិនអស់​តាំងពីប្រទេសដែលញាំញីដោយសង្រ្គាមកាប់សំលាប់រវាងខ្មែរ និងខ្មែរ ,ប្រទេសដែលរងនូវការកាប់សំលាប់ក្រោមរបបកម្ពុជាប្រធាធិបតេយ្យ និងជាប្រទេសរងការហ៊ុំព័ទ្ធសេដ្ឋកិច្ចរាប់ឆ្នាំ។ ប្រជាជនកម្ពុជារស់នៅដោយទុក្ខលំបាក និងភ័យខ្លាចជាទីបំផុត។ ឯកឧត្តមបានបន្តថា៖ មកដល់ពេលនេះប្រទេសកម្ពុជា មានសុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចំរើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ទាំក់ទងទៅនឹងប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី” អ្វីគ្រប់យ៉ាង លើកលែងតែអាវុធ” ដែលហៅកាត់ថា EBAនេះ មិនយូមិនឆាប់ប្រទេសកម្ពុជាគង់តែត្រូវបានដកចេញដដែល ដោយសារប្រជាពលរដ្ឋកម្ពុជាបានឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ ទៅហើយ។ ទោះបីអត់មានប្រព័ន្ធអនុគ្រោះពន្ធនេះក៏ដោយ ប្រទេសកម្ពុជាយើងនៅតែអាចរស់បាន នៅតែអាចដំណើរការទៅជាប្រក្រតី ហើយមន្រ្តីរាជការ អាជីវករ កម្មករទាំងអស់ត្រូវខិតខំធ្វើការងារជំនាញរបស់ខ្លួនជាប្រក្រតី កុំមានអារម្មណ៍ភ័យខ្លាច ព្រួយបារម្ភលើបញ្ហានេះ បញ្ហានោះ ដូចការលើកឡើងរបស់ក្រុមជនអគតិមួយចំនួននោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ ជាការពិត ការប្រកាសពីដំណើរការព្យួរ EBA នេះក៏ធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ជាច្រើន ដើម្បីជួយដល់អ្នករកស៊ីក្នុងស្រុក និងធ្វើឲ្យបានកាន់តែប្រសើរនូវការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដួចជា មានការលុបបំបាត់ស្ថាប័នកាំកុងត្រូលតាមច្រកព្រំដែន ការលុបអង្គភាពនាវាចរ (កាំសាប) ការលែងឲ្យអ្នកនាំចេញទៅយកវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញជាដើម។ ការគំរាមដក EBA នេះជារឿងល្អទៅវិញសម្រាប់កម្ពុជា ព្រោះបានធ្វើឲ្យមានការភ្ញាក់រលឹកពង្រឹងការធ្វើពាណិជ្ជកម្ម ហើយនឹងធ្វើឲ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកាន់តែមានប្រជាប្រិយភាពពេលដោះស្រាយបានបញ្ហាទាំងអស់នេះ។

សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី៕ ដោយ៖ វួច ពឿន