ថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានចុះពិនិត្យ និងព្យបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីបើកការពិនិត្យ ព្យាបាលនេះ បានធ្វើឡើងនៅចំនុចផ្ទះលោកឡុង បៀរ ក្រុមប្រក្សាសង្កាត់បយ៉ាខា, ក្រោមអធីបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន លោកអភិបាលក្រុង លោក- លោកស្រីប្រធាន អនុប្រថានមន្ទីរ មន្រ្តីរាជការ និងយុវជន ស.ស.យ.ក ជាច្រើននាក់ទៀត។
មានប្រសាសន៍សំណេះសំណាលបើកការពិនិត្យ ព្យាបាលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍ថា៖ សម្តេចតេជោ ហ៊ុន សែន តែងតែមានការនឹករលឹក គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង ចងឃើញប្រជាពលរដ្ឋយើងរស់នៅដោយក្តីសុខ និងរីកចំរើន។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ថ្ងៃនេះ គឺជាថ្ងៃទី២ នៃការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំរាប់វគ្គទី២នេះ ដោយថ្ងៃទី១យើងបានធ្វើនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ដោយបានពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋបានចំនួន២១៦នាក់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងកំពុងរបស់នៅក្នុងម្លប់នៃសុខ សន្តិភាពដែលរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជាខិតខំរកបានមកដោយលំបាក។ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទើបធ្វើអោយប្រទេសកម្ពុជាយើងទទួលបាននូវសុខ សន្តិភាពេញលេញ និងមានការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ ពិសេសនៅក្នុងខេត្តប៉ៃលិននេះ បើគ្មានគោលនយោបាយឈ្នះ ឈ្នះ និងគ្មានរូបឯកឧត្តមផ្ទាល់ទេ ម្លេះមិនដឹងថ្ងៃណាទើបសង្គ្រាមបានបញ្ចប់ ហើយពលរដ្ឋនៅតែបន្តរងទុក្ខលំបាកដោយសារការញាំញីដោយសង្គ្រាម។ ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការដឹកគុណដល់សម្តេចតេជោ តាមរយៈការគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច គាំទ្រគណបក្សប្រជាជនកម្ពុជា និងមិនត្រូវជឿលើការឃោសនាអកុសលណាមួយ ពីក្រុមអគតិដែលតែងតែខិតខំរិៈរកគ្រប់មធ្យោបាយដើម្បីបំផ្លាញសន្តិភាពនៅស្រុកខ្មែរ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។
សូមបញ្ជាក់ថា៖ ការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺដោយមានការឧបត្ថម្ភទាំងស្រុងពីឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បានស្រីមុំ អ៊ីឈាន អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។ ការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនេះ ធ្វើឡើងបានមួយវគ្គរូចមកហើយ កាលពីអាណត្តិទី៥ នៃរដ្ឋសភា ដោយបានពិនិត្យ ព្យាបាលជូនប្រជាជលរដ្ឋបានចំនួន៥៤លើក មានប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តបានមកទទូលការពិនិត្យ ព្យាបាលបានចំនួន ២៧៥៧២ នាក់។ សំរាប់វគ្គទី២ ដែលកំពុងធ្វើនៅក្នុងអាណត្តិទី៦នេះ បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ម្សិលមិញនេះ ដោយមានប្រជាពលរដ្ឋមកទទួលការពិនិត្យព្យាបាលបានចំនួន២១៦នាក់ រួចមកហើយ៕
ដោយ៖ វួច ពឿន