លោក សំសារ៉េត ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងភូមិភ្នំក្រិញ


ព្រឹកថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក សំ សារ៉េត អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធាន ស.ស.យ.ក ប្រចាំស្រុកសាលាក្រៅ ក្នុងនាមលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការខ្វះខាតទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក សំ សារ៉េត បានមានប្រសាសន៍ថា៖ ដោយមានការណែនាំ ចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ក៏ដូចជាឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន, លោកបានដឹកនាំក្រុមការងារថ្នាក់ស្រុកមួយចំនួន ក្នុងនោះមាន លោកវេជ្ជបណ្ឌិត គឹម សុខន អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក កែវ រំដេត មេឃុំស្ទឹងត្រង់ លោកមេភូមិ កងរាជអាវុធហត្ថស្រុក កងកំលាំងនគរបាលស្រុក និងយុវជន(ស ស យ ក) ចុះពិនិត្យស្ថានភាពនៃការខ្វះខាតទឹកប្រើប្រាស់ និងបានចែកទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោក សំ សារ៉េត បានមានប្រសាសន៍បន្តថា៖ ដោយនៅក្នុងរដូវនេះជារដូវរាំងស្ងួត ហើយនៅក្នុងឃុំស្ទឹងត្រង់នេះប្រឈមខ្លាំងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ , លោកជំទាវ បាន ស្រីមុំ ក៏ដូចជា ឯកឧត្តម ផាន់ ចាន់ធុល មានការខ្វល់ខ្វាយ គិតគូរពីការលំបាករបស់ប្រជាពលរដ្ឋក្នុងការរកទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងបានចាត់អោយក្រុមការងារថ្នាក់ស្រុកចុះពិនិត្យស្ថានភាពនៃការខ្វះខាតទឹកប្រើប្រាស់ និងចែកទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ថា៖ ការចុះពិនិត្យស្ថានភាពនៃការខ្វះខាតទឹកប្រើប្រាស់ និងការចែកទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងត្រង់នេះ បានធ្វើឡើងចំនួន២ដង មកហើយ គឺលើកទី១បានធ្វើឡើងនៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ នាថ្ងៃទី១៣ ខែកុម្ភៈ ក្រោមការដឹកនាំរបស់ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ដោយបានចែកទឹកជូនដល់ប្រជាពលរដ្ឋបានចំនួន៧៨ គ្រួសារ។ ដោយឡែកនៅថ្ងៃទី១៥នេះ បានចែកទឹកដល់ប្រជាពលរដ្ឋបានចំនួន១៦គ្រួសារ នៅក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ​ខេត្តប៉ៃលិន៕ ដោយ៖ វួច ពឿន