ឯកឧត្តម អ៊ី ឈាន អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវលំល្បាយគ្រួសមួយខ្សែ ប្រវែង២៨០០ម៉ែត្រនៅភូមិអូរឈើក្រំ


ព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន រួមដំណើរដោយ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត, ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត, ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្ត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធ លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ និងសប្បុរស់ជន និងប្រជាពលរដ្ឋជិត២០០នាក់ បានអញ្ជើញធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវលំល្បាយគ្រួសមួយខ្សែ ស្ថិតនៅក្នុងភូមិអូរ​ឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមរបាយការណ៍របស់លោកមេភូមិអូឈើក្រំ បានអោយដឹងថា៖ ផ្លូវលំមួយខ្សែនេះមាន ប្រវែង២៨០០ម៉ែត្រ​, ទទឹង៨ម៉ែត្រ , មានសំណង់លូ៧កន្លែង ចំណាយថវិកាសាងសង់អស់ចំនួន ៨៩លានរៀល ដែលជាថវិកាផ្ទាល់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ  អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ផ្លូវលំក្រាលល្បាយគ្រោះនេះគឺជាសមិទ្ធិផលថ្មីមួយទៀតនៅក្នុងភូមិអូឈើក្រំ សំរាប់សំរួលដល់ការធ្វើដំណើរ, ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានមានប្រសាសន៍រំលឹកពីប្រវត្តដ៏ជូចត់ លំបាកវេទនារបស់ប្រជាពលរដ្ឋខ្មែរ​ ដោយសារសង្គ្រាមរាំងជល់ កាប់សម្លាប់រវាងខ្មែរ និងខ្មែរ ដោយសារការបែកបាកសាមគ្គីជាតិ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះយើងកំពុងរស់នៅក្នុងម្លប់សុខ​សន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានឱកាសពេញលេញក្នុងការអភិវឌ្ឍ កសាងសង្គមរបស់យើងអោយមានការរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ប្រកបមុខរបររកទទួលទានលើកស្ទួយជីវភាពគ្រួសារអោយមានការធូធាជាលំដាប់។ ទាំងនេះដោយសារគុណបំណាច់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅរួមរស់ រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ដូច្នេះយើងត្រូវដឹងគុណដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតាមតយៈការបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរហូតទៅ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍​ អ៊ី ឈាន ក៏បានជួយឧបត្ថម្ភដល់ប្រជាជលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធផ្លូវលំនេះចំនួនជិត២០០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន២០០០០រៀល៕ ដោយ៖ វួច ពឿន