ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០៣គ្រួសារ ក្នុងសង្កាត់អូរតាវ៉ៅ


នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ហុក សុផល អភិបាលរងខេត្ត លោកអភិបាលក្រុងប៉ៃលិន ព្រមទាំងប្រធានមន្ទីរមួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ ០៣គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះនាពេលកន្លងមក នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេះ កៅស៊ូតង់ ១ ទឹកក្រូច ១កេះធំ ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ ១យួ ប៊ីចេង ១គីឡូក្រាម ស្កសរ ១គីឡូក្រាម ខ្លាញ់ ៥គីឡូក្រាម អំបិល ១២កញ្ចប់ និងថវិកាចំនួន ៥០ម៉ឺនរៀលផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល បានស្នើដល់អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់នៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ មិនត្រូវបណ្តែតបណ្តោយឱ្យពួកគាត់ជួបការលំបាកដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសអាជ្ញាធរនៅមូលដ្ឋាន ត្រូវចុះសាកសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋមានជម្ងឺ មានជីវភាពខ្វះខាត និងរងគ្រោះដោយបញ្ហាផ្សេងៗ ជាបន្តបន្ទាប់ មិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានលើកទឹកចិត្តដល់បងប្អូនពលរដ្ឋដែលរងគ្រោះ ទាំង ០៣គ្រួសារ សូមកុំឱ្យមានការអស់សង្ឃឹម ហើយត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត។

សូមរំលឹកថា កាលពីវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ កន្លងទៅ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ដោយឆេះទាំងស្រុងចំនួន៣ខ្នង ព្រមទាំងបណ្តាលឱ្យបុរសជាម្ចាស់ផ្ទះម្នាក់រងរបួសស្រាល។ យោងតាមការសន្និដ្ឋានរបស់នគរបាលប៉ុស្តិ៍ មូលហេតុនៃការឆេះខាងលើនេះ គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើងដែលឆេះចេញពីផ្ទះរបស់ជាងក្រឡឹងគ្រឿងម៉ាស៊ីនដោយម្ចាស់ផ្ទះមិននៅ និងចាក់សោរផ្ទះចោល៕