នារសៀលថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបាន ត្រូវបានអគ្គីភ័យឆាបឆេះ, ក្នុងនោះមាន២ខ្នងត្រូវឆេះអស់ទាំងស្រុង ដែលសូម្បីតែឥវ៉ាន់នៅខាងក្នុងផ្ទះក៏យកមិនទាន់ដែរ គឺមានផ្ទះជាងក្រឡឹង និងផ្ទះជាងជួសជុលម៉ាស៊ីន, ចំណែកមួយខ្នងទៀតត្រូវឆាបឆេះអស់ប្រមាណជាង៦០% និងបានជញ្ជូនឥវ៉ាន់បានខ្លះៗមកវិញ, នោះគឺផ្ទះលក់ថ្នាំ និងសម្ភារៈកសិកម្ម។
តាមប្រភពពីអ្នកនៅក្បែរកន្លែងកើតហេតុបានអោយដឹងថាៈ ករណីអគ្គីភ័យឆាបឆេះផ្ទះនេះ គឺកើតឡើងដោយសារការផ្ទុះសេខ្សែភ្លើងនៅផ្ទះជាងក្រឡឹង ខណៈម្ចាស់ផ្ទះបានចាក់សោរចោលរួចនាំគ្រួសារទៅដើរលេងនៅរមណីយដ្ឋានចំការស្វាយ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ករណីនេះមិនបណ្តាលអោយមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ឬមានរបួសឡើយ ហើយសមត្ថកិច្ចក៏មិនទាន់បានវាយតម្លៃពីទំហំនៃការខូចខាតនៅឡើយដែរ។
ក្នុងពេលដែលអគ្គីភ័យកំពុងឆាបឆេះ គេក៏ឃើញមានវត្តមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្រុករតនមណ្ឌល ខេត្តបាត់ដំបងមួយគ្រឿងបានចូលរួមពន្លត់ផងដែរ និងឃើញមានលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន និងលោកអធិការនគរបាលក្រុងប៉ៃលិន ក៏បានសស្រាក់សស្រាំចូលរួមក្នុងសកម្មភាពពន្លត់អគ្គីភ័យនេះផងដែរ ដែលធ្វើអោយអគ្គីភ័យនេះបានរលត់ទៅវិញទាំងស្រុងនៅម៉ោង៤ និង៣០នាទីល្ងាច៕
ដោយ វួច ពឿន