ប្រជាពលរដ្ឋជាង៥០០០គ្រួសារនៅទូទាំងខេត្តប៉ៃលិនទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា


ក្នុងរយៈពេល២ថ្ងៃ, គឺថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ ៣រោច និង៤រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ និងទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ក្នុងខេត្តប៉ៃលិនសរុបចំនួន៥១៧៧គ្រួសារ និងបានចែករទះរុញដល់ជនពិការចំនួន ៧៤នាក់ ស្មើនឹង ៧៤រទះផងដែរ។

ការសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា គឺទីតាំងទី១/ ធ្វើឡើងនៅភូមិអូរកន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ, នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩, មានប្រជាពលរដ្ឋចំនួន ១២៥១គ្រួសារ មកពីឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ។ ទីតាំងទី២/ ស្ថិតនៅភូមិអូរបេង ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ, នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩, មានប្រជាពលរដ្ឋចំនួន ១២៥២គ្រួសារ, មកពីឃុំស្ទឹងកាច់ និងឃុំអូរអណ្តូង។ ទីតាំងទី៣/ ស្ថិតក្នុងភូមិស្រែត្នោត សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន, នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩, មានប្រជាពលរដ្ឋចំនួន ២៦៧៤ គ្រួសារ មកពីសង្កាត់ប៉ៃលិន សង្កាត់ទួលល្វា សង្កាត់បយ៉ាខា  និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈ ឆ្នាំ២០១៨ជាឆ្នាំដែលគ្រោះមហន្តរាយដោយធម្មជាតិនៅក្នុងខេត្តប៉ៃលិនមិនបានបង្ហាញរូបរាងធំដុំ លេចធ្លោដូចបណ្តាខេត្តមួយចំនួននោះទេ ប៉ុន្តែវាបានកើតឡើងជាទ្រង់ទ្រាយតូចៗជាបន្តបន្ទាប់។ ជាក់ស្តែងគ្រោះធម្មជាតិដែលបង្កឡើងដោយខ្យល់កន្រ្តាក់ ភ្លៀង ផ្គរ រន្ទះ នៅតាមកន្លែង បានប៉ះពាល់ដល់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។ ទទឹមនេះនេះគ្រោះមហន្តរាយដែលបង្ករឡើងដោយមនុស្ស ដូចជា៖ អគ្គីភ័យ និងគ្រោះថ្នាក់ចរាចរជាដើម នៅតែកើតមានជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញសកម្មភាពការងារវិស័យស្នូលទាំង៤ អោយអនុវត្តដោយរលូន និងមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងភាពងាយរងគ្រោះ និងរងគ្រោះ រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ។ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ និង ការលើកកំពស់គោលការណ៍គ្រិៈ និងតម្លៃមនុស្សធម៌របស់ចលនា។

សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តយសកាកបាទក្រហមកម្ពុជា      សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋគ្រប់រូប នៅក្នុងខេត្តប៉ៃលិន ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ សម្តេចប្រធានបានមានប្រសាសន៍ថាៈ សម្តេចគ្រប់អង្គតែងតែគិតគូដល់ពុកម៉ែ បងប្អូន និងមានអារម្មណ៍ដក់ជាប់ជាមួយពុកម៉ែ បងប្អូនមិនដែលលោះឡើយ ហើយក៏តែងតែរស់នៅរួមសុខរួមទុក្ខជាមួយពុកម៉ែ បងប្អូនជនរួមជាតិជានិច្ច។ សម្តេចបានបន្តថាៈ បច្ចុប្បន្ននេះ យើងកំពុងរស់នៅក្នុងម្លប់សុខ សន្តិភាព និងការអភិវឌ្ឍ គឺដោយសារគុណនៃថ្ងៃរំដោះ៧មករា។ ដូច្នេះយើងគ្រប់គ្នាត្រូវដឹងគុណថ្ងៃ៧មករា ,ដូចដែលយើងបានផឹកទឹក ត្រូវនឹកដល់ប្រភពទឹកនោះដែរ។ សម្តេចបានមានប្រសាសន៍បន្តថាៈ អំណោយដែលបានយកមកចែកជូននេះ គឺមិនគ្រប់តាមតម្រូវការរបស់បងប្អូនទេ ដោយគ្រាន់តែជួយសំរួលដល់ជីវភាពបានមួយរយៈពេលខ្លី តែអ្វីដែលសំខាន់គឺពុកម៉ែបងប្អូនត្រូវខិតខំបង្កើតមុខរបរ ដាំដំណាំ ចិញ្ចឹមសត្វ ដោះស្រាយជីវភាពដោយខ្លូនឯង។ សម្តេចប្រធានក៏បានណែនាំដល់ប្រជាពលរដ្ឋ ពុកម៉ែ បងប្អូនទាំងអស់ត្រូវចេះសាមគ្គីភាពគ្នា ចេះយកអាសារគ្នា យោគយល់គ្នា មិនត្រូវប្រកាន់ជនជាតិ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ដែលទាំងនេះ ជាមូលដ្ឋានគ្រិះនាំមកនូវសុខសន្តិភាព។ ប្រជាពលរដ្ឋ ពុកម៉ែ បងប្អូនទាំងអស់ ត្រូវចូលរួម​អនុវត្តច្បាប់ចរាចរ និងណែនាំបងប្អូន កូនចៅអោយចេះគោរពច្បាប់ចរាចរទាំងអស់គ្នា និងត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន។ ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះអោយបានទៀងទាត់ ហើយប្រជាពលរដ្ឋយើងទាំងអស់ ក៏ត្រូវរស់នៅស្អាត មានអនាម័យ ត្រូវផឹកទឹកឆ្អឹនជានិច្ចជៀសវាងកើតនូវជម្ងឺផ្សេងៗ៕

ដោយ៖ វួច ពឿន