នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥៦ អាណត្តិទី២របស់ខ្លួន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង មាន ការអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សា ឃុំ/សង្កាត់ ផងដែរ។
កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី៥៦ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥ ពិនិត្យ និងអនុម័តរបាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែធ្នូ ឆ្នាំ២០១៨ និង បញ្ហាផ្សេងៗ ។
បន្ទាប់ពីលោក ស៊ុន គ្រឿង ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តបានអានកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ រួចមក សមាជិកនៃកិច្ចប្រជុំ ក៏បានលើកឡើងបញ្ហាប្រឈមនានាដើម្បីដោះស្រាយរួមមាន៖ទី១/បញ្ហាការធ្វើរបាយការណ៏នៅតាមអង្គភាពមន្ទីរជំនាញមួយចំនួននៅមានកំរិត។ ទី២/ បញ្ហាមន្ទីរជំនាញមិនទាន់ត្រួតពិនិត្យជញ្ជីងលើសទម្ងន់នៅតាមបណ្តាសៃឡូធ្វើអោយប៉ះពាល់ជីវភាពដល់បងប្អូនប្រជាពលរដ្ឋយកកសិផលយកទៅលក់ខាតបង់កំរៃ។ ទី៣/បញ្ហាទឹកស្អាតនៅតែមិនទាន់មានគុណភាពល្អ។ទី៤/បញ្ហាប្រជាពលរដ្ឋចោលសំរាមធ្វើស្ទះលូបង្កអោយប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋ។ទី៥/បញ្ហាការគ្រប់គ្រង ពីការផ្ទេរកម្មសិទ្ធិដីធ្លី ការធ្វើសំណង់រឹង នៅតាមទីក្រុង/ស្រុក នៅមានកំរិត។ទី៦/បញ្ហាដីរបស់រដ្ឋមួយចំនួនមិនទាន់បានចុះបញ្ជីជាប្រព័ន្ធនៅឡើយ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ការលើកឡើងសមាជិកនៃកិច្ចប្រជុំ នៅពេលនេះដែលបញ្ហាខ្លះជាកើតឡើងដដែល និងបញ្ហាខ្លះថ្មី ដែលរដ្ឋបាលខេត្តនិងខិតខំយកចិត្តទុកដាក់ ជំរុញដល់មន្ទីរជំនាញ និង អង្គភាពដែលជាប់ពាក់ព័ន្ធទាំងអស់ប្រឹងប្រែងដោះស្រាយអោយបានជាបន្តបន្ទាប់ ក្នុងន័យបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើឡើង។ជាពិសេសបន្តខិតខំអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ស៊ីជម្រៅរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ អោយមានគុណភាព និងតម្លាភាព សំដៅបង្កើនប្រសិទ្ធភាពនិងសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តល់សេវានានា រាល់សំណូមពរពីប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ រីឯបញ្ហាប្រឈមនានាដែលនៅសេសសល់រដ្ឋបាលខេត្ត រួមនិងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធនិងបន្តខិតខំដោះស្រាយទៅតាមសំណូមពរដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ត្រូវសហការសាមគ្គីគ្នាអោយបានល្អ ខិតខំគាំទ្រ ការអនុវត្តការងារ អោយបានម៉ត់ច្មត់ ជាពិសេសមន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលខេត្ត ក្នុងការដោះស្រាយតាមសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមានប្រសាសន៍លើកឡើងថាៈកន្លងមកនេះរដ្ឋបាលខេត្តប៉ៃលិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងទៅទទួលបានលទ្ធផលល្អ ជាពិសេសបាន ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងការអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានស្នើរ ដល់រដ្ឋបាលខេត្តនិងមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ត្រូវបន្តខិតខំធ្វើការដោះស្រាយបញ្ហា រាល់ទុកកង្វល់និងសំនូមពរពី បងប្អូនប្រជាពលរដ្ឋអោយបានល្អ តាមសេចក្តីត្រូវការ និងការអភិវឌ្ឍន៏នៅតាមមូលដ្ឋានអោយមានការរីកចំរើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅតំបន់ជនបទ។ ឯកឧត្តមក៍បានជំរុញដល់មន្ទីរជំនាញគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អថែមទៀត នឹងត្រូវប្រតិបត្តិ អនុវត្ត តាមការណែនាំរបស់ថ្នាក់ដឹកនាំ នឹងត្រូវធ្វើរបាយការណ៍ជូនដល់ក្រុមប្រឹក្សាអោយបានលឿន នឹងត្រឹមត្រូវច្បាស់លាស់ ។ ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវពង្រឹងកិច្ចសហការការពារសន្តិសុខសណ្តាប់សាធារណៈ ទប់ស្កាត់ការជួញដូ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារកុំអោយកើតមាននៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ដើម្បីផ្តល់ឱកាសពួកគាត់ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវាលា។