ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ សហការជាមួយក្រុមគ្រូពេទ្យនៃសមាគមន៍បេសកកម្មមនុស្សធម៌កម្ពុជាចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋខេត្តប៉ៃលិន ដោយឥតគិតថ្លៃ


ថ្ងៃច័ន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤  សហការជាមួយក្រុមគ្រូពេទ្យនៃសមាគមន៍បេសកកម្មមនុស្សធម៌កម្ពុជា, រដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរសុខាភិបាលខេត្ត  បានអញ្ជើញចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋខេត្តប៉ៃលិន រយ:ពេល៣ថ្ងៃ ដោយឥតគិតថ្លៃ នៅទីតាំងវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីបើកការពិនិត្យ ព្យាបាលនេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤  ឯកឧត្តម ណាម ទុំ សមាជិកព្រឹទ្ធសភាភូមិភាកទី៤ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងលោក Hulmel Fabrice (ហ៊ុលម៉ែល ហ្វាប្រ៊ិកស៍) ​ប្រធានក្រុមគ្រូពេទ្យនៃសមាគមន៍បេសកកម្មមនុស្សធម៌កម្ពុជា ព្រមទាំងមានប្រជាពលរដ្ឋ ប្រុស ​ស្រី ក្មេង ចាស់ជាច្រើននាក់ ដែលមកទទួលការពិនិត្យព្យាបាលសុខភាព បានចូលរួមផងដែរ។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនាពេលនេះ គឺជាមោទនភាពមួយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានឯកឧត្តម ប៉ុល លឹម ប្រធានក្រុមព្រឹទ្ធសភាភូមិភាគទី៤ និងសមាជិកព្រឹទ្ធសភាភូមិភាក៤ទាំងអស់ តែងតែខិតខំយកចិត្តទុកដាក់ទាក់ទាញអ្នកស្ម័គ្រចិត្តទាំងឡាយ ក្នុងការជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា។ ឯកឧត្តមបានបន្តថា៖ ថ្ងៃនេះ ខេត្តប៉ៃលិន មានភ័ព្ទសំណាងណាស់ ដែលបានឯកឧត្តម ប៉ុល លឹម និងក្រុមការងារព្រឹទ្ធសភាភូមិភាគ៤ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអញ្ជើញចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន រយៈពេល៣ថ្ងៃ ដោយឥតគិតថ្លៃ ដោយមានក្រុមគ្រូពេទ្យដែលចំណាន  អញ្ជើញមកពីប្រទេសបារាំង មានសមត្ថភាពខ្ពស់ អាចព្យាបាលជូនពុក ម៉ែ បងប្អូន យ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់រូសរាន់ មកទទួលការពិនិត្យព្យាបាលអោយបានទាន់ពេលវេលា។

ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤  បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ អញ្ជើញមកពីប្រទេសបារាំងទាំងអស់ ដែលបានចំណាយពេលវេលាមកជួយពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចជាថ្លែងអំណរគុណដល់ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលបានរៀបចំក្រុមការងារព្រឹទ្ធសភា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋនាពេលនេះ។ ឯកឧត្តម ប៉ុល លឹម ក៏បានមានប្រសាសន៍បើក និងប្រគល់ការងារការពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ក្នុងរយៈពេល៣ថ្ងៃនេះ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសបារាំង និងសូមអោយក្រុមគ្រូពេទ្យ មេត្តាយកចិត្តទុកដាក់បញ្ចេញអស់ពីសមត្ថភាព និងសេចក្តីស្រឡាញ់ដល់ប្រជាជនខេត្តប៉ៃលិន។ ឯកឧត្តមក៏បានមានប្រសាសន៍ អញ្ជើញដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ មកចូលរួមការពិនិត្យ ព្យាបាល និងប្រាប់គ្នីគ្នាអោយមកពិនិត្យ ព្យាបាលសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសបារាំង ដោយឥតគិតថ្លៃអោយបានច្រើនកុះករ៕

ដោយ៖ វួច ពឿន