ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី២


នៅព្រឹកថ្ងៃពុធ ១៣រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច​ប្រជុំសាមញ្ញ​លើកទី​៥៥ អាណត្តិទី២របស់ខ្លួន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួម ឯកឧត្តម លោក ជំទាវអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធទាំង៣ស្ថាប័ន  ក្រុមប្រឹក្សាក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ ផងដែរ។

​     កិច្ចប្រជុំនេះមានរបៀបវរៈ ទី១/ពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៥  ។ ទី២/ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៤។ទី៣/ ពិនិត្យ និងអនុម័តរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត​ប្រចាំខែ​វិច្ចិកា ឆ្នាំ២០១៨។ ​ទី៤/ពិនិត្យអនុម័តតារាងសរុបផែនការលទ្ធកម្មឆ្នាំ២០១៩ និងទី៥/បញ្ហាផ្សេងៗ។

បន្តាប់ពីលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្ត បានអាននូវរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត​ប្រចាំខែ​វិច្ចិកា ឆ្នាំ២០១៨ រួចមក, សមាជិកនៃអង្គប្រជុំ​ ក៏បានលើកឡើងបញ្ហាប្រឈមនានាដើម្បីធ្វើការដោះស្រាយរួមមាន៖ ទី១/បញ្ហាការធ្វើរបាយការណ៏នៅតាមអង្គភាពមន្ទីរជំនាញមួយចំនួននៅមានការយឺតយ៉ាវ។ ទី២/ បញ្ហាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មិនទាន់ត្រួតពិនិត្យជញ្ជីងពាណិជ្ជកម្មនៅតាមបណ្តាសៃឡូនានាដែលប្រជាពលរដ្ឋនិយាយថា បានស៊ីភ្នែកជញ្ជីង។ ទី៣/បញ្ហាការធ្វើវេទិការសាធារណៈកន្លងមក មិនសូវមានប្រជាពលរដ្ឋចូលរួម។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានជួយរំលេចឡើងនូវបញ្ហាប្រឈមនានា និងរួមគ្នាដោះស្រាយបានជាបន្តបន្ទាប់ជូនជាតិ ប្រជាជន។ ឯកឧត្តមបានមានប្រសាសន៍ថាៈ បញ្ហាប្រឈមទាំងឡាយតែងកើតមានជាហូរហែរ ទោះបីយើងដោះស្រាយយ៉ាងណា ក៏នៅតែបន្តកើតមាន ដែលទាមទាអោយយើងទាំងអស់គ្នាបន្តខិតខំដោះស្រាយតទៅទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ជារួមយើងបានធ្វើការងារច្រើន ជូនជាតិ ប្រជាជនរបស់យើង ដោយយើងបានអភិវឌ្ឍន៍កសាងនូវសមិទ្ធផលនានា មានផ្លូវថ្នល់ ប្រឡាយទឹក បណ្តាញអគ្គីសនី ជាដើម។ យើងក៏ខិតខំថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តនូវកម្មវិធីគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អប្រសើ ព្រមទាំងបាននិងកំពុងអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ អោយមាន​គុណ​ភាព និងតម្លាភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើ។ ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងទទួលយកនូវការសំណូមពរទាំងឡាយរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីរួមគ្នា ជាមួយអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយ អោយទទួលបានលទ្ធផលល្អប្រសើ។

ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមាន​ប្រសាសន៍​ថ្លែងនូវអំណរគុណ ដែល​កន្លងមក​​រដ្ឋបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយនូវការប្រឈមទាំងឡាយដែលក្រុមប្រឹក្សាបានលើកឡើង ព្រមទាំងបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមបានមានប្រសាសន៍ថាៈ នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលបន្តកើតឡើងនៅក្នុងខេត្តប៉ៃលិន ដូចដែលសមាជិកអង្គប្រជុំបានលើកឡើងពេញមួយព្រឹកមកនេះ និងសូមអោយគណៈអភិបាលបន្តដោះស្រាយអោយបានរួចរាល់ ប្រកបដោយលទ្ធផលល្អប្រសើ។ ម្យ៉ាងទៀងក៏សូមអោយរាល់មន្ទីរ អង្គភាពដែលមានភាពយឺតយ៉ាវក្នុងការរៀបចំរបាយការណ៍ប្រចាំខែនាពេលកន្លងមក ត្រូវមានការកែសម្រួលឡើងវិញ ព្រោះបើធ្វើការ អត់មានរបាយការណ៍ ក៏ស្មើនឹងមិនធ្វើការងារដែរ៕

ពិនិត្យ កែសម្រួលដោយ លោក វួច ពឿន