ថ្ងៃច័ន្ទ ១១រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅ ដឹកនាំដោយឯកឧត្តម រាម សុមាន ប្រធានក្រុមការងារចុះជួយឃុំសាលាក្រៅ និងលោក ប៉ូច សា អែម ប្រធានក្រុមការងារចុះជួយភូមិកោះកែវ និងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយជាស្បៀង និងថវិកា ទៅចែកជូនដល់ស្រ្តីមេម៉ាយក្រីក្រមួយគ្រួសារ ឈ្មោះ រ៉ន សារ៉ុន អាយុ៤៦ឆ្នាំ ដែលជាគ្រួសារបក្សក្រុមទី១0 ភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អំណោយដែលបានយកទៅចែកជូនដល់ស្រ្តីមេម៉ាយក្រីក្រនាពេលនោះ មានៈ អង្ករចំនួន៥0គីឡូក្រាម ,មីចំនួន១ប្រអប់, ទឹកសុទ្ធចំនួន៦យួរ និងថវិកា១០,០០០០រៀល។
ឯកឧត្តម រាម សុមាន ប្រធានក្រុមការងារចុះជួយឃុំសាលាក្រៅបានមានប្រសាសន៍ថាៈ ដោយមើលឃើញពីការលំបាកខ្វះខាតក្នុងជីវភាពរបស់ប្អូនស្រី រ៉ន សារ៉ុន ដែលប្តីរបស់គាត់ឈ្មោះ ឆាយ ឆែម អាយុ ៥៣ឆ្នាំ បានស្លាប់ដោយជម្ងឺ នៅក្រោយបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្រ្ត, ក្រុមការងារចុះជួយឃុំសាលាក្រៅ បាននាំយកនូវអំណោយជាស្បៀង និងថវិកាមួយចំនួនដើម្បីផ្តល់ជូនដល់ប្អូនស្រី សំរាប់ជួយសំរួលដល់ការលំបាកខ្លះៗក្នុងជីវភាពប្រចាំថ្ងៃ។ លោកបានមានប្រសាសន៍បន្តថា ការជួយគ្នាក្នុងគ្រាលំបាកគឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជន និងជួយដល់ប្រជាជនជានិច្ច មិនអោយប្រជាជនណាម្នាក់រងនូវការលំបាក ដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ។ លោកបានបន្តថា ជាក់ស្តែងការនាំយកអំណោយមកចែកជូនដល់ប្អូនដែលជាស្រ្តីមេម៉ាយនាពេលនេះ គឺដោយមានការណែនាំពីឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលជានិច្ចកាលឯកឧត្តម តែងតែគិតជូពីសុខទុក្ខប្រជាពលរដ្ឋ និងបានណែនាំដល់ក្រុមការងារគណបក្សទាំងអស់ត្រុវចុះអោយដល់មូលដ្ឋានប្រជាពលរដ្ឋ ក្តាប់អោយបាននូវទុកលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវរួមគ្នាដោះស្រាយជូនពួកគាត់អោយបានឆាប់រហ័ស ទាន់ពេលវេលា៕
ដោយ៖ វួច ពឿន