នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន , ព្រឹកថ្ងៃអង្គារ ១២រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើក វគ្គបណ្តុះបណ្តាល ស្តីពី ការអប់រំ នយោបាយ ចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រមទាំង នាយ- នាយរង និងពលអាវុធហត្ថជាច្រើននាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុងមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិនបានមានប្រសាសន៍៖ ការបើកវគ្គអប់រំ ដល់នាយ និងពលអាវុធហត្ថខេត្តនាពេលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានធ្វើឡើងដោយទៀងទាត់ ជារៀងរាល់ឆ្នាំ។ លោកឧត្តមសេនីយ៍បានមានប្រសាសន៍បន្តថាៈ ក្នុងស្ថានភាពដែលប្រទេសជាតិរបស់យើងមានសុខ សន្តិភាពនេះ ការបើកវគ្គអប់រំបណ្តុះបណ្តាល គឺជាការចាំបាច់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងរាជអាវុធហត្ថខេត្តអោយបានខ្លាំងក្លា រឹងមាំ ត្រៀមលក្ខណៈសព្វជ្រុងជ្រោយសំរាប់ទប់ទល់នឹងសភាពការណ៍ដែលកើតមានឡើងនៅក្នុងខេត្តប៉ៃលិនអោយទទួលបានជោគជ័យ ជូនជាតិ ប្រជាជន។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា៖ ការអប់រំ នយោបាយ ចិត្តសាស្រ្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨នេះ មានគោលបំណងដើម្បីពង្រឹង គោលជំហរសតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្ដាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍ នយោបាយ និងសន្តិសុខសង្គម និងឲ្យនាយ នាយរង និងពលអាវុធហត្ថ យល់ជ្រួតជ្រាបនូវតួនាទី-ភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទ:មោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាមួយគ្នានេះដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ចំណេះដឹងច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាដើម។ ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើដល់ នាយ នាយរង អាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់ និងអនុវត្តន៍ទៅតាមខ្លឹមសារ ដែលគ្រូឧទ្ទេសនាម បានផ្សព្វផ្សាយឲ្យមានប្រសិទ្ធិភាពខ្ពស់។ ទន្ទឹមនឹងនេះ ក៏ត្រូវខិតខំយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ នឹង បង្ក្រាបបទល្មើសផ្សេងៗ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ៕
ពិនិត្យ កែសម្រួល៖ វួច ពឿន