នៅវេលាព្រឹកថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ ឯកឧត្តម កើត សុធាទីប្រឹក្សារាជរដ្ឋាភិបាល និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងឯកឧត្តម ហែម ឫទ្ធី អនុប្រធានក្រុមការងារ បានអញ្ជើញចុះជួបប្រជុំសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ សរុប ៥០នាក់ ដើម្បីពង្រឹងការងារគណបក្សឃុំ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងឃុំ អោយបានល្អប្រសើ។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយើងយ៉ាងច្រើនលើសលប់ ព្រោះគាត់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏ដូចជាការគាំទ្រការដឹកនាំរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក គ្រប់វិស័យទាំងអស់។ ដូច្នេះយើងទាំងអស់គ្នាត្រូវតបស្នងដល់ពួកគាត់តាមរយៈការផ្តល់សេវាសាធារណៈដែលល្អ, ជួយកសាងនូវសមិទ្ធិផលនានាដែលជាតម្រូវការរបស់ពួកគាត់ និងជួយដោះស្រាយនូវរាល់ការប្រឈម ការលំបាកនានារបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំឃុំ ភូមិ និងសមាជិកភូមិទាំងអស់ត្រូវក្តាប់អោយបានពីសតិអារម្មណ៍ ការលំបាក ការងាយស្រួលរបស់ប្រជាពលរដ្ឋយើង និងត្រូវដោះស្រាយការលំបាកនានាជូនពួកគាត់ ឬរាយការមកថ្នាក់លើដើម្បីបន្តរកវិធីដោះស្រាយជូនពួកគាត់ ដោយមិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនមានការជួយសង្រ្គោះនោះឡើយ៕
ដោយ៖ វួច ពឿន