យុវជន ស.ស.យ.ក ខេត្តប៉ៃលិន ជួយសាងសង់ផ្ទះ១ខ្នង ជូនលោកយាយចាស់ជរា ដែលមានជីវភាពទីទាល់ក្រ


រសៀលថ្ងៃសុក្រ ៩រោច ខែកក្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន  ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន ចុះជួយសាងសង់ផ្ទះ ១ខ្នង ទំហ៊ំ 5.5m x 4.5m ជូនដល់លោកយាយចាស់ជរាក្រីក្រម្នាក់ ឈ្មោះ ឈួន ស៊្រិន អាយុ ៧៣ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ហុក សុផល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានមានប្រសាសន៍ថា៖ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ថ្ងៃនេះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចុះមកជួយកសាងផ្ទះជូនលោកយាយ ឈួន ស៊្រិន អាយុ ៧៣ឆ្នាំ, មានចៅម្នាក់ក្នុងបន្ទុក, ដើម្បីមានទីលំនៅមួយដែលសមរម្យសំរាប់ស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ លោកជំទាវ បាន ស្រីមុំ  ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ ការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងបានខិតខំគៀងគររកសប្បុរសជន និងការចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ប្អូនៗ យុវជន ស.ស.យ.ក គឺជាកំលាំងស្នូលនៃការងារមនុស្សធម៌សព្វបែបយ៉ាងរបស់លោកជំទាវ បាន ស្រីមុំ ហើយកំលាំងទាំងអស់នេះស្ម័គ្រចិត្តប្រើអស់កំលាំងកាយ បញ្ញា ស្មារតីដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលដែលបងប្អូនប្រជាពលរដ្ឋយើងជួបការលំបាក, តាមរយៈលោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន។ ឯកឧត្តម ហុក សុផល ក៏បានណែនាំអោយប្អូនៗយុវជន ស.ស.យ.ក ទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើការងារអោយអស់ពីចិត្ត ពីកាយ រៀនលត់ដំខ្លួនអោយបានល្អ ដើម្បីក្លាយជាទំពាំងដ៏ល្អសំរាប់ស្នងឬស្សីនាថ្ងៃអនាគត់។

សូមបញ្ជាក់ថា៖ ផ្ទះលោកយាយ ដែលយុវជន ស.ស.យ.កខេត្ត បានជួយសាងសង់ជូននេះ គឺមានទទឹង ៤,៥ម៉ែត្រ បណ្តោយ ៥,៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដោយលោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភសម្ភារៈ និងថវិកា ក្នុងការសាងសង់ទាំងស្រុង។

ពិនិត្យ កែស្រួល៖ វួច ពឿន