ឯកឧត្តម ចេង ញ៉ាន់ និងឯកឧត្តម ហុក សុផល ត្រូវបានសម្រេចតែងតាំងជាអនុប្រធានគណកម្មាធិការគណបក្សខេត្ត និងប្រធានគណៈចាត់តាំងគណបក្សខេត្ត


ថ្ងៃសុក្រ ៩កើត ខែកក្តិក ឆ្នាំច​ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសតែងតាំងអនុប្រធានគណកម្មាធិការគណបក្សខេត្តប៉ៃលិន ចំនួនមួយរូប, ប្រធានគណៈចាត់តាំងគណបក្សខេត្តមួយរូប និងអនុប្រធានមន្ទីរបក្សខេត្តចំនួនពីររូប ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណកម្មធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះ មានសមាជិក សមាជិការគណកម្មាធិការគណបក្សខេត្ត លោកប្រធាន អនុប្រធានបក្សក្រុង/ ស្រុក ប្រធានបក្សឃុំ/ សង្កាត់ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ទៀត។

លោក ស៊ុន យី ប្រធានមន្ទីរគណបក្សខេត្តបានអាននូវសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយបានសម្រេសតែងតាំងឯកឧត្តម ចេង ញ៉ាន់ សមាជិកគណៈអចិន្រ្តៃគណកម្មាធិការគណបក្សខេត្ត ជាអនុប្រធានគណកម្មាធិការបក្សខេត្តប៉ៃលិន។ ឯឧត្តម ហុក សុផល សមាជិកគណៈអចិន្រ្តៃគណកម្មាធិការគណបក្សខេត្ត ជាប្រធានគណៈចាត់តាំងគណបក្សខេត្ត និងបានសម្រេចតែងតាំងលោក ហុង ឌុល និងលោកស្រី គុំ ចាន់ថាវី ជាអនុប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណកម្មធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណគុណចំពោះឯកឧត្តម លោកជំទាវ លោក -លោកស្រី ជាមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ដែលកន្លងមក បានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយគណបក្សរឹងមាំទាំងកម្លាំងពិត​ កម្លាំងស្មារតី និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នេះ។ ប៉ុន្តែអ្វីដែលយើងសម្រេចបានពេលនេះគឺដោយសារគណបក្សយើងមានគោលការណ៍ដឹកនាំច្បាស់លាស់ មានមន្រ្តីប្រកបដោយឆន្ទះមោះមុត សាមគ្គីភាព ឯកភាពជាធ្លុងមួយ, មានរចនាសម្ព័ន្ធគ្រប់គ្រាន់តាំងពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន ធ្វើអោយគណបក្សមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មាន និងដោះស្រាយបានទាន់ពេលវេលា តាមសំណូមពររបស់ប្រជាពលរដ្ឋ ធ្វើអោយយើងទទួលបានការគាំទ្រកើនឡើងជាលំដាប់។ ឯកឧត្តមបានបន្តថា ទោះបីយើងទទួលបានជោគជ័យយ៉ាងនេះក្តី ក៏យើងមិនអាចស្កប់ស្គាល់នឹងជ័យជម្នះនេះដែរ គឺ គណៈអចិន្រ្តៃគណៈកម្មាធិការគណបក្សខេត្តនៅបន្តយកចិត្តទុកដាក់តាមដានពីរចនាសម្ព័ន្ធគណបក្សគ្រប់ថ្នាក់, បំពេញអោយបានគ្រប់តាមគោលការណ៍កំណត់ ដើម្បីធានាអោយការងារមានដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ដោយមើលឃើញពីសមត្ថភាព អត្តចរិក សីលធម៌ របស់មន្រ្តីទាំងពីររូបនេះ ទើបគណៈអចិន្រ្តៃគណកម្មាធិការគណបក្សខេត្តបានពិចារណា សម្រេចស្នើសុំតែងតាំងតួនាទីជូនឯកឧត្តម ចេង ញ៉ាន់ និង ឯកឧត្តម ហុក សុផល និងមន្ត្រីគណបក្សចំនួន២រូបទៀតនេះ ដើម្បីបំពេញបន្ថែមអោយគ្រប់សមាសភាពតាមគោលការណ៍កំណត់របស់គណកម្មាធិការកណ្តាល មិនមែនជាការផ្លាស់ប្តូរបុគ្គលណាម្នាក់នោះឡើយ។ ឯកឧត្តមបានបន្តទៀតថា ការទទួលមុខតំណែងត្រូវតែមានការរួមគ្នាទទួលខុសត្រូវ , មុខតំណែងកាត់តែខ្ពស់ ការទទួលខុសត្រូវកាន់តែធ្ងន់ធ្ងរ។ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីគណបក្សដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនអោយបានល្អ សាកសមទៅនឹងការជឿជាក់ និងកាផ្តល់ទំនុកចិត្តរបស់ថ្នាក់លើ៕​

ដោយ៖ វួច ពឿន