ភាស៊ីផ្សារទាំង៥ នៅទូទាំងខេត្តប៉ៃលិនត្រូវបានដាក់ប្រជុំដេញថ្លៃនៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្ត


ព្រឹកថ្ងៃច័ន្ទ ៥កើត ខែកក្តឹក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិចិ្ជកា ឆ្នាំ២០១៨ នៅមន្ទីរសេដ្ឋកិច្ច និង ហិញ្ញវត្ថុខេត្តប៉ៃលិន មានបើកកិច្ចប្រជុំដេញថ្លៃភាស៊ីផ្សារទាំង៥ នៅទូទាំងខេត្តប៉ៃលិន សំរាប់ឆ្នាំ២០១៩ រួមមានផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី  ផ្សារប៉ាហ៊ីជើង ផ្សាប៉ាងរលឹម ផ្សារព្រំថ្មីនិង ផ្សាសាលាក្រៅ ដែលកិច្ចប្រជុំដេញថ្លៃនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន  និងមានការអញ្ជើញ​ចូល​រួមពី លោក-លោកស្រី នាយក នាយករងទីចាត់ការហិញ្ញវត្ថុសាលាខេត្ត  លោកអភិ​បាលក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរ លោកមេឃុំ/ចៅសង្កាត់ ម្ចាស់ផ្សារ និងអាជីវករអ្នក​ដេញថ្លៃជាច្រើននាក់ទៀតផងដែរ។

លោក ឃឹម សួរ តំណាងក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ ការ​កំណត់តម្លៃភាស៊ីផ្សារនៅ​ទូទាំង​ខេត្តប៉ៃលិនសម្រាប់ឆ្នាំ២០១៩នេះ មាន៖ ទី១/តូបលក់ទំនិញគ្រប់ប្រភេទក្នុង១តូប តម្លៃ៥០០​រៀល ក្នុងមួយថ្ងៃ ។ ទី២/រានលក់ទំនិញគ្រប់ប្រភេទ ១រាន តម្លៃ៥០០រៀល ក្នុងមួយថ្ងៃ។​ ទី៣/​ផ្ញើរ​កង់គ្រប់ប្រភេទ ១គ្រឿង តម្លៃ២០០រៀល ក្នុងមួយលើក។ ​ទី៤/ផ្ញើរម៉ូតូ​គ្រប់ប្រភេទ ១គ្រឿង តម្លៃ៥០០រៀល ក្នុង១លើក។ ទី៥/ម្ចាស់ឆ័ត្រ ១កន្លែង តម្លៃ៣០០រៀល​ក្នុងមួយថ្ងៃ។ ទី៦/រយន្ត​ផ្ទេរទំនិញក្នុងផ្សារ ១គ្រឿង តម្លៃ១០០០រៀល ១លើក។ ទី៧/​ផ្ញើររថយន្ត​គ្រប់ប្រភេទ ១គ្រឿង តម្លៃ១០០០រៀល ក្នុង១លើក។ ទី៨/​តូប ឬរាន ដែលមានទំ​ហំធំជាង៤ ម៉ែត្រការ៉េ ថែម ១ម៉ែត្រការ៉េ ១០០រៀលក្នុងមួយថ្ងៃ។

ឯកឧត្តម ផាន់ ចាន់ធុល  អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖​​ យើងត្រូវមានការប្រជុំពិភាក្សាគ្នារវាងគណៈកម្មាធិការផ្សារទាំង៥ ក្នុងខេត្តប៉ៃលិន នឹងអ្នកដេញថ្លៃ ភាស៊ី​ផ្សារ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីធ្វើការដេញថ្លៃភាស៊ីផ្សារអោយបានត្រឹមត្រូវ និងស្របតាមច្បាប់​របស់រដ្ឋ សំដៅការរកចំណូលជូនរដ្ឋ ក៏ដូចជាការបំរើសេវាកម្មទីផ្សារជូនប្រជាពលរដ្ឋ អាជីវករ អោយបានសមស្រប មិនអោយមានការគេងប្រវ័ញ្ច គាបសង្កត់នោះឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ទាំងម្ចាស់ផ្សារ នឹងអ្នកដេញថ្លៃភាស៊ី ក៏ត្រូវស្តាប់ការណែនាំរបស់មន្ទីរសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុដែលជាអង្គភាពជំនាញ និងត្រូវអនុវត្តតាមការណែនាំ និងកិច្ចកុងត្រាផាស៊ីផ្សារដែលបានដេញថ្លៃរួចមកនេះ អោយមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ អ្នកដេញថ្លៃភា​ស៊ីផ្សារទាំងអស់ ត្រូវសហការជាមួយម្ចាស់ផ្សារ នឹងក្រុមអាជីវករទាំងអស់ ធ្វើការ​អនាម័យ និងកែលំអ សោភ័ណភាព​ផ្សារ​អោយ​បានស្អាតជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញ ប្រើប្រាស់សេវាកម្មរបស់   ខ្លួន។

សូមបញ្ជាក់ថា៖ ផ្សារទូទាំងខេត្តប៉ៃលិនមានចំនួន៥ ផ្សារ គឺផ្សាសាមគ្គី ហៅផ្សារប៉ាហ៊ី ផ្សារប៉ាហ៊ីជើង ផ្សាប៉ាងរលឹម ផ្សារព្រំថ្មី និងផ្សាសាលាក្រៅ។ ឆ្លងតាមការដេញ​ថ្លៃ​រយៈពេលពេញមួយព្រឹករួចមក ជាលទ្ធផល គឺអ្នកស្រី ជា សុខហេង  ​ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សាសាមគ្គី , លោកស្រី គង់ វណ្ណា ទទួលបានសិទ្ធគ្រប់គ្រប់គ្រង យកផាស៊ីនៅផ្សារប៉ាហ៊ីជើង និងលោកស្រី ប្រាក់ ស្រីមុំ បានទទួលសិទ្ធគ្រប់គ្រង យកផាស៊ីលើផ្សារប៉ារលឹម, ផ្សារសាលាក្រៅ និងផ្សាព្រំថ្មី៕

ពិនិត្យ កែសម្រួល៖ វួច ពឿន