ព្រឹកថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន មានប្រារព្វទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៥ (៩វិច្ឆិកា ១៩៥៣- ៩វិច្ឆិកា ២០១៨) និងទិវាខួបកំណើតនៃកងយោធពលខេមរៈភូមិន្ទ ក្រោមអធិបតិភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ ទិវានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈាង អ៊ិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៣ (ប៉ៃលិន- សំឡូត), ព្រះមេគណខេត្តទាំងពីគណៈ, ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ស្ថាប័ន ,លោក- លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ, លោកមេឃុំ ចៅសង្កាត់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស, យុវជន ស.ស.យ.ក, យុវជន ក.១៥៧, យុវជនកាយរិទ្ធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលយើងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ទិវានេះធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសុខ សន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តម ផាន់ ចាន់ធុល បានសំដែងនូវការដឹងគុណចំពោះ ព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានទាមទាឯករាជ្យជូនជាតិមាតុភូមិ រហូតដល់សព្វថ្ងៃនេះ និងសូមគោរពដឹងគុណចំពោះបងប្អូនយុទ្ធជន យុទ្ធនារីទាំងអស់ដែលបានបូជាទាំងកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហារបស់យើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីសម្រេចឲ្យបាននូវគោលដៅចម្បងជាយុទ្ធសាស្ត្រ ដែលរួមមាន៖ ទី១)បន្តកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារសហគមន៍ និងសង្គមជាតិទាំងមូល។ ទី២)ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមកម្ពុជា។ ទី៣)បន្តដោះស្រាយបញ្ហាព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាង ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញការអនុវត្តយុទ្ធសាស្ត្ររបស់ព្រំដែន ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសជិតខាងឡើយ។ ទី៤)ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរួមមានហិរញ្ញប្បទានភេរវកម្ម ទប់ស្កាត់ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនេះ គណៈអធិបតី និងកងកំលាំងប្រដាប់អាវុធ ទាំង៣ស្ថាប័ន ក៏បានអញ្ជើញដាក់ការោនផ្កា, អុជភ្លើងជ័យ, បង្ហោះប៉ោង, ប្រលែងសត្វព្រាប, និងមានបាញ់កាំជ្រួច ធ្វើអោយបរិយាកាសនៃទិវានេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែង៕
ដោយ៖ វួច ពឿន