(20-08-2015) ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ៥៖៣០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោកស៊ុន យី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិបរតាំងស៊ូ បានជួបសំណេះសំណាល ជាមួយសាខាក្រុមបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំសមាជិកបក្សថ្មីដែលទើបគ្រប់អាយុបោះឆ្នោត និងការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ស៊ុន យី ប្រធានក្រុមការងារចុះពង្រឹងនៅភូមិបរតាំងស៊ូបានលើកឡើងថា ការរៀបចំសមាជិកក្រុមបក្សមានសារៈសំខាន់ណាស់គឺធ្វើអោយមានមូលដ្ឋានជាក់លាក់ពិតប្រាកដ ហើយការរៀបចំនេះយើងត្រូវជ្រើសរើស យកសមាជិកបក្សចាប់ពីអាយុ១៥ឆ្នាំឡើងទៅ។ លោកបានបន្តថា ចំពោះការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គឺចង់ដឹងពីចំនួនសមាជិកបក្សពិតប្រាកដ ដូច្នេះប្រធានសាខាបក្សភូមិត្រូវពិនិត្យបញ្ហានេះអោយបានច្បាស់លាស់ហើយធ្វើរបាយការណ៍ជូនថ្នាក់លើអោយបានដឹងផង។ លោកបានបន្ថែមថា ប្រធានសាខាក្រុមបក្សមានតួនាទីយ៉ាងសំខាន់ ព្រោះពួកគាត់រស់នៅជាមួយប្រជាពលរដ្ឋពិតប្រាកដ ដឹងសុខ ដឹងទុក្ខ និងការរស់នៅប្រចាំថ្ងៃ ដូច្នេះបើសិនមានបងប្អូនណាម្នាក់មានបញ្ហាអ្វីកើតឡើងក្នុងក្រុម សូមរាយការណ៍មកក្រុមការងារយើងជាបន្ទាន់ ដើម្បីអោយក្រុមការងារចុះដោះស្រាយជូនពួកគាត់តាមលទ្ធភាពជាក់ស្តែង។
លោកក៏បានសំណូមពរដល់សមាជិកសមាជិកាបក្សទាំងអស់ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមអោយបានរឹងមាំ ហើយបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពរបស់រាជរដ្ឋាភិបាល អោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មីក្នុងជួរយុវជន និងគណបក្សដ៏ទៃបន្ថែមទៀត ជាពិសេសក្រុមការងារបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីបន្តអនុវត្តការងារកសាងកម្លាំងបក្សនៅមូលដ្ឋានទទួលបានជោគជ័យ។
[youtube id= “6A9YZWZGH_c”]