ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទីខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាល ក្រុង/ស្រុក លោកប្រធាន អនុប្រធានមន្ទីរ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាស្រុក/ក្រុង និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ផងដែរ។
របៀបរវៈនៃកិច្ចប្រជុំនេះមាន៖ ទី១/ពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៤។ ទី២/ ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៣។ ទី៣/ ពិនិត្យ និងអនុម័តរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០១៨ និងទី៤ /បញ្ហាផ្សេងៗ។
បន្ទាប់ពីតំណាងរដ្ឋបាលសាលាខេត្តប៉ៃលិនបានអាននូវរបាយការណ៍នៃការអនុវត្តការងារប្រចាំខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តរួចមក ក្រុមប្រឹក្សាខេត្ត និងសមាជិកនៃកិច្ចប្រជុំមួយចំនួនទៀត ក៏បានលើកឡើងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខេត្តប៉ៃលិនមកធ្វើការដោះស្រាយរួមមាន៖ ទី១/ បញ្ហាការធ្វើរបាយការណ៏នៅតាម មន្ទីរ អង្គភាព មួយចំនួននៅតែមានការយឺតយ៉ាវ។ ទី២/បញ្ហារថយន្តដឹកដី ធ្វើអោយធ្លាក់ដី មកលើផ្លូវបណ្តាលអោយប្រឡាក់ផ្លូវក្នុងក្រុង និងបញ្ហារថយន្តធុនធំបើកលឿន និង ដឹកលើសទម្ងន់ធ្វើប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ។ ទី៣/ បញ្ហាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មិនទាន់បានចុះត្រួតពិនិត្យជញ្ជីងពាណិជ្ជកម្មនៅតាមបណ្តាសៃឡូ ដែលពលរដ្ឋគិតថាមានស៊ីភ្នែកជញ្ជីង។ ទី៦/ បញ្ហាជនខិលខូចមួយចំនួនតូចនៅតែយកសំរាមទៅចោលពាសវាលពាសកាល ធ្វើអោយប៉ះពាល់បរិស្ថានក្រុងប៉ៃលិន និងស្រុកសាលាក្រៅ។ ទី៧/ បញ្ហាមន្ទីររ៉ែ និងថាមពលមិនទាន់តភ្ជាប់បណ្តាញអគ្គីសនីគ្រប់គ្រាន់ តាមតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ និងទី៨/បញ្ហាប្រជាពលរដ្ឋមិនទាន់យល់ដឹង និងចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើតអោយបានគ្រប់ៗគ្នានៅឡើយ ។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទីខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ បញ្ហាដែលក្រុមប្រឹក្សាខេត្ត និងសមាជិកនៃកិច្ចប្រជុំបានលើកឡើងនៅពេលនេះ រដ្ឋបាលខេត្តសូមទទួលយក និងរួមគ្នាជាមួយអង្គភាពពាក់ព័ន្ធ ដោះស្រាយអោយបានល្អប្រសើជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ថា ជាការពិតណាស់ការងារជាច្រើនដែលអង្គប្រជុំបានលើកឡើងនេះ គឺជាបញ្ហាចាស់ដែលរដ្ឋបាលខេត្តកំពុងមានការជំរុញ និងមានកាដោះស្រាយជាបន្តបន្ទាប់។ ឯកឧត្តមបានបន្តទៀតថា ការលើកឡើងមកនេះក៏ជាការដះស្មារតីអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត អោយខិតខំប្រឹងប្រែងអោយបានខ្លាំងក្លាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះអោយបានឆាប់រហ័ស។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមានប្រសាសន៍ ថ្លែងអំណគុណ និងកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេស ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានស្នើរ ដល់រដ្ឋបាលខេត្ត និងមន្ទីរ ស្ថាប័នជំវិញខេត្តត្រូវបន្តខិតខំធ្វើការដោះស្រាយបញ្ហាទុក្ខកង្វល់ និងសំនូមពររបស់បងប្អូនប្រជាពលរដ្ឋអោយបានល្អ និងការអភិវឌ្ឍន៏នៅតាមមូលដ្ឋានអោយមានការរីកចំរើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋនៅតំបន់ជនបទ។ ឯកឧត្តមក៏បានជំរុញអោយមន្ទីរបរិស្ថាន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយយល់ដឹង និងទុកដាក់សំរាម ការធ្វើអនាម័យ ការសំអាតបរិស្ថានអោយបានស្អាតជានិច្ច។ ទន្ទឹមនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកំលាំងមានសមត្ថកិច្ចទាំងបីប្រភេទ ត្រូវពង្រឹងកិច្ចសហការ ការពារសន្តិសុខ សណ្តាប់សាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ដើម្បីផ្តល់ឱកាសពួកគាត់ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខសាន្ត៕ ពិនិត្យ កែសម្រួល៖ វួច ពឿន