រដ្ឋបាលខេត្តប៉ៃលិនធ្វើពិធីអបអរសាទរ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ ក្រោមប្រធានបទ៖ រួមគ្នាគាំទ្រការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក


ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះមេគណខេត្តទាំងពីរគណៈ  ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ តំបន់ប្រតន់ប្រតិប័ត្តការសឹករងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត បានអញ្ជើញប្រារព្វពិធីអបអរសាទរ “ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ ក្រោមប្រធានបទ៖ រួមគ្នាគាំទ្រការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ពិធីនេះបានធ្វើឡើងដោយមានការជួបប្រជុំសំណេះសំណាល ផ្សព្វផ្សាយពីខ្លឹមសារនៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមុខអាស្រមលោកយាយយ៉ាត នៅនឹងជើងភ្នំយ៉ាត, រវាងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ជាមួយសមាជីក សមាជិកានៃអង្គពិធីទាំងមូល ដើម្បីចូលរួមផ្សព្វផ្សាយបន្ត ជំរុញការអនុវត្តច្បាប់ចរាចរទាំងអស់គ្នា បញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរនៅក្នុងសង្គមកម្ពុជាយើង។ ក្រោយមកទៀត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រះមេគណខេត្តទាំងពីគណៈ ក៏បានដឹកនាំក្បួនដង្ហែរតាមដងផ្លូវជាតិលេខ៥៧ តំបន់ប្រជុំជនក្រុងប៉ៃលិន ផ្សព្វផ្សាយអោយប្រជាជន មហាជនបានចូលរួមទាំងអស់គ្នា ហើយនៅខណៈនោះដែរ ព្រះសង្ឃក៏មានសូត្រធម៌ប្រោះព្រហ្មនៅចំណុចដែលធ្លាប់កើតមានឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរ បញ្ជូននូវបុណ្យកុសលដល់អ្នកដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរនៅចំណុចនោះ និងនៅតាមដងផ្លូវ ដើម្បីសុំសុខសប្បាយកុំអោយមានគ្រោះអាក្រក់កើតឡើងបន្តទៀត៕ ដោយ វួច ពឿន