រដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការអនុវត្តន៍គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព រយៈពេល៩ ខែ ឆ្នាំ២០១៨


ប៉ៃលិន៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តន៍ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ការងារ ០៩ខែ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានលេខាធិកានៃក្រុមការងារទី៧ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ អភិបាល អភិបាលរងក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងប្រជាការពារភូមិជាច្រើននាក់ផងដែរ។

ឯកឧត្តម ម៉ៅ សំបុណ្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធធានាគារ និងជាប្រធានលេខាធិការនៃក្រុមការងារទី៧ បានមានប្រសាសន៍ថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានអនុវត្តន៍ការងារ ភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អ  ជាពិសេសបានការពារទប់ស្កាត់បទល្មើសផ្សេងៗ មានដូចជា៖ គ្រឿងញៀន ល្បែងស៊ីសង  ព្រៃឈើ ចោលួចចោប្លន់ សំដៅពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពល​រដ្ឋ ស្របតាមផែនការរបស់ក្រសួងមហាផ្ទៃ ក៍ដូចជាគោលនយោបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា៖  ដើម្បីអនុវត្តន៍គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាពខ្ពស់ រដ្ឋបាលខេត្ត/ក្រុង/ស្រុក ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសម្របសម្រួល ជំនួយស្មារតី ទាំងកំលាំង និងថវិកា ដល់នគរបាលនៅតាមប៉ុស្តិ៍នានាក្នុងខេត្ត អោយបានរឹងមាំ សំដៅត្រួតពិនិត្យតាមដានសភាពការណ៍ បទល្មើស អោយបានច្បាស់លាស់ នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការបង្កា​បង្ក្រាប​បទល្មើសអោយបានទាន់ពេលវេលា​  ឆ្លើយតប​ទៅ​នឹងការ​ប្រឡងប្រណាំង​ ភូមិ/ឃុំ មាន​សុវត្ថិភាព ឱ្យទទួលបានចំណាត់ថ្នាក់ល្អ ទន្ទឹមនឹង​នេះត្រូវបន្តគាំទ្រអនុវត្តន៍ នឹងយកចិត្ត​ទុក​ដាក់​សាមគ្គីផ្ទៃក្នុងអោយបានល្អ ជាពិសេសប្រជុំ​ជារៀងរាល់ខែ ​ដើម្បីដកពិ​សោធន៍​ការងារ និងធ្វើរបាយ​កាណ៍ជូនដល់ថ្នាក់លើ ក្នុងការវាយតម្លៃ ស្របតាមគោលនយោ​បាយ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ​បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ​ក្រោមការដឹ​កនាំដ៍ត្រឹម​ត្រូវរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យបានប្រទេសជាតិមានស្ថេរភាព សុខសន្តិភាព មានការអភិវិឌ្ឍ​លើគ្រប់​វិស័យ ដូចជា៖ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើង​អគ្គីសនី ប្រឡាយទឹក វត្តអារាម ជាដើម ព្រមទាំងពង្រឹងពង្រីកសេដ្ឋកិច្ចជាបន្តបន្ទាប់  សំដៅលើកកម្ពស់​ជីវភាពរបស់បងប្អូន​ប្រជាពលរដ្ឋអោយបានកាន់ធាធូ និងបង្កើន​ការ​អភិវិឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែការរីក​ចំរើនឡើង។ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញ និងណែនាំដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​ទាំងបី​ប្រភេទ ​ត្រូវយកចិត្តទុកដាក់​ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ព្រមទាំងតាម​ដានព័ត៌មាន និងសភាពការណ៍ បទល្មើសថ្មី និងចាស់ ដែលកើតមានកន្លង​មកអោយ​បានច្បាស់លាស់ ហើយត្រូវបន្តចុះស្រាវ​ជ្រាវរកមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន និងប្រើ​ប្រាស់គ្រឿងញៀន ​នៅតាម​ភូមិ/ឃុំ/សង្កាត់ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាប អោយបានទាន់​ពេល​វេលា  ជាពិសេសត្រូវធ្វើវេទិការផ្សព្វផ្សាយជាសាធារណៈ ដើម្បីធ្វើការផ្សព្វ​ផ្សាយ​ស្តីពីការរឹតបន្តឹងការ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅ​ពង្រឹងការ​អនុវត្ត​នូវខ្លឹម​សារទាំង ៩ចំនុច​នៃគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព របស់​រាជ​រដ្ឋាភិបាល ជាមួយគ្នានេះនគរបាល​ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវ​សហកា​រជា​មួយជា​ជ្ញាធរមូលដ្ឋាន ចុះតាមបណ្តាខ្នងផ្ទះ ផ្តល់នូវសេវាសាធារណៈ និងផ្សព្វផ្សាយ​លិខិតបទដ្ឋាននានា ជូនដល់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានភូមិ/ឃុំ/សង្កាត់។

សូមបញ្ជាក់ថា៖ លទ្ធផលការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព រយៈពេល៩ ខែ ឆ្នាំ២០១៨ គឺបានបង្ក្រាបបទល្មើសឧក្រិដ្ឋ មានចំនួន ៦លើក លើ ៨លើក ករណី​ឃាតកម្មមានចំនួន ៥លើក ករណីរំលោភសេពសន្ថវៈ មានចំនួន ១លើក  បទល្មើស​មជ្ឈឹម មានចំនួន ៥២លើក លើ ៤១លើក ករណីហឹង្សាដោយចេតនា​មានចំនួន ២០លើក ករណី​ហឹង្សាក្នុងគ្រួសារមាន ២លើក ករណីឆបោក រំលោភលើសេចក្តីទុកចិត្ត ៧លើក ករណី​លួចឆក់ មាន ២៣លើក លទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស មានចំនួន ៨៣លើក ក្នុងនោះបង្ក្រាបជាក់ស្តែងមានចំនួន ៧៨លើក បង្ក្រាប​តាមដីការមានចំនួន ៥លើក  និងករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ១២លើក ស្មើនឹង​២៤% ចំនួនមនុស្សស្លាប់​ ៩នាក់ ស្មើនឹង ០% របួសមនុស្សថយចុះ ១៦នាក់​ ស្មើ១៥% ខូចខាត​ម៉ូតូ​ចំនួន ៤២ គ្រឿង និងរថយន្តចំនួន ២៣ គ្រឿង ករណីអគ្គីភ័យ​មានចំនួន​ ២លើក​បណ្តាល​អោយខូចខាតផ្ទះចំនួន ៣ខ្នង ករណីខ្យល់កន្រ្តាក់មានចំនួន ៤លើក បណ្តាលអោយ​ខូច​ខាតដំបូលផ្ទះចំនួន ១៩ខ្នង៕​ដោយ៖ ញ៉ឹប បូរី