ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅសាលាស្រុកសាលាក្រៅ មានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ក្រោមអធិបតីភាពលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ និងដោយមានលោកអភិបានរងស្រុក អធិការនរគបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក លោកមេឃុំ លោកមេប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ និងតំណាងការិយាល័យជំនាញជុំវិញស្រុកបានចូលរួម។
កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹក ដោយមានសមាជិក សមាជិការនៃអង្គប្រជុំបានលើកឡើងយ៉ាងផុលផុស ពីស្ថានភាព និងបញ្ហាប្រឈមនានានៅក្នុងភូមិ ឃុំ នីមួយៗក្នុងស្រុកសាលាក្រៅ ដើម្បីរកដំណោះស្រាយអោយបានល្អឡើងវិញដូចជា៖ បញ្ហាចោលួចកូនគោ នៅឃុំស្ទឹងត្រង់ ការកាយយកដីភ្នំអត់ច្បាប់អនុញ្ញាតិ បញ្ហាគ្រោះរាំងស្ងួតគ្មានទឹកធ្វើស្រែ បញ្ហាក្មេងទំនើងបង្កររឿងនៅក្នុងភូមិ បញ្ហាជួញដូរ ប្រើប្រាស់គ្រឿងញៀន បញ្ហាប្រជាពលរដ្ឋលក់ដូរតាមចិញ្ចើមផ្លូវ និងអ្នកលាងម៉ូតូធ្វើអោយមានទឹកហូរលើផ្លូវ ក្នុងភូមិផ្សារព្រំ បញ្ហាស្ទះលូ ការចោលសំរាមពាសវាលពាសកាល ការលួចកាប់ឈើលើភ្នំ ការលួចឆក់សត្វព្រៃ ជាដើម។ កិច្ចប្រជុំក៏មានផ្សព្វផ្សាយអោយមានការចូលរួមក្នុងការងារបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាពរបស់រដ្ឋផងដែរ។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅបានមានប្រសាសន៍ថា បញ្ហាជាច្រើនដែលអង្គប្រជុំបានលើកឡើងនេះ គឺជាបញ្ហាចាំបាច់ដែលយើងត្រូវដោះស្រាយអោយបានឆាប់រហ័ស។ អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ដែលនៅនឹងមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងអស់នេះ ហើយក៏មានការងាមួយចំនួនទៀត ដូចជាការបង្រ្កាបទប់ស្កាត់ការកាប់បំផ្លាញព្រៃភ្នំ ការលួចឆក់សត្វព្រៃជាដើម សូមអោយមន្រ្តីជំនាញ សហការជាមួយកំលាំងមានសមត្ថកិច្ច ត្រូវតាមដាន កំណត់មុខសញ្ញា និងចុះបង្រ្កាបអោយបានទាន់ពេលវេលា។ លោកសំ សារ៉េត ក៏បានជំរុញអោយអាជ្ញាធរភូមិ ឃុំ ត្រូវពង្រឹងការងារប្រជាការពាភូមិ នីមួយៗអោយបានរឹងមាំ ដោយសហការជាមួយប៉ុស្តិ៍នគរបាល និងអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ កាត់បន្ថយបាននូវអំពើចោលួច ចោប្លន់គ្រប់ប្រភេទ ការលេងល្បែងស៊ីសង ឹការជួញដូរប្រើប្រាស់គ្រឿញៀន ក្មេងទំនើង ការជួញដូរមនុស្ស អំពើហឹង្សាក្នុងគ្រួសារ ការដាក់កុងត្រូលយកលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ ជាដើម៕