ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅចុះសួរសុខទុក្ខក្រុមគ្រួសារសព និងចូលរួមបុណ្យសពសមាជិកក្រុមប្រឹក្សាស្រុក ដែលទទួលមរណភាព


ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោក នូ សុគន្ធ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ រួមដំណើរដោយ លោក សំ សារ៉េត អភិបាលស្រុក លោកអភិបាលរងស្រុក ព្រមទាំងមន្រ្តីសាលាស្រុកមួយចំនួនទៀត បានចុះសាសួរសុខទុក្ខដល់ក្រុមគ្រួសារសព និង នាំយកនូវថវិកា និង គ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ទៅចូលរួមបុណ្យសព លោក រ៉ាយ ពុំ សមាជិកក្រុមប្រឹក្សាស្រុកសាលាក្រៅ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ក្នុងអាយុ ៧៨ឆ្នាំដោយរោគាពាធ រស់នៅក្នុងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ថវិកា និង គ្រឿងឧបភោគ បរិភោគដែលបាននាំយកទៅចូលរួមបុណ្យសពលោក រ៉ាយ ពុំ នាពេលនោះ មានៈ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ១០យួរ​និងថវិកាចំនួន ៣០ម៉ឺន រៀល។

លោក នូ សុគន្ធ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅបានមានប្រសាសន៍សំដែងការសោកស្តាយ អាឡោះអាល័យ ដែលបានបាត់បង់មន្រ្តីដែលធ្លាប់រួមការងារជាមួយគ្នា ធ្លាប់មានគុណបំណាច់ចំពោះជាតិ ប្រជាជន ក៏ដូចជាការបាត់បង់នូវ ស្វាមី ឪពុក និងជាជីតា ដែលធ្លាប់បានផ្តល់ភាពកក់ក្តៅសំរាប់ក្រុមគ្រួសារ សាច់ញាតិទាំងអស់របស់លោក។ លោក នូ សុគន្ធ ក៏បានមានប្រសាសន៍ណែនាំសូមអោយកូនចៅទាំងអស់របស់លោក រ៉ាយ ពុំ ត្រូវខិតខំកាត់ចិត្ត ព្រោះជីវិត គឺមិន​ទៀង​ទាត់​ឡើយ មានជួប មានព្រាត់ជារឿងធម្មតា តែអ្វីដែលយើងត្រូវធ្វើបន្ត គឺខិតខំធ្វើនូវអំពើល្អ ក្លាយជាពលរដ្ឋល្អក្នុងសង្គម និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបង្កើនជីវភាពគ្រួសារអោយសំបូរធូរធាបន្តទៀត៕ ដោយ៖ វួច ពឿន