ថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅ ដឹកនាំដោយលោក រាម សុមាន ប្រធានក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាហែរអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រំវស្សាអស់កាលត្រីមាស នៅវត្តស្រែអន្ទាក់ ស្ថិតក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក រាម សុមាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសាលាក្រៅបានមានប្រសាសន៍ថាៈ បុណ្យកឋិនទានសាមគ្គីនេះ គឺជាបុណ្យប្រពៃណីមួយ ក្នុងព្រះពុទ្ធសាសនាដោយនៅល្ងាចថ្ងៃទី៤រោច ខែអស្សុជ មានរៀបចំពិធីសូត្រមន្ត ថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល និងសំដែងធម៌ទេសនា។ លុះស្អែកឡើង ត្រូវជាថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ មានពិធីដង្ហែរអង្គកឋិនទាន និងវេរប្រគេនត្រៃចីវរ គ្រឿងបរិក្ខា និងបច្ច័យដែលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងក្រុមការងារ រុបចំនួន១៨.៩៨១.០០០រៀលជូនដល់ព្រះភិក្ខុសង្ឃ ជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។ លោក រាម សុមាន ក៏បានឧទ្ទិសនូវបុណ្យកុសលទាំងឡាយដែលកើតចេញពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះ វិញ្ញាណខ័ន្ធជីដូនជីតា ញាតិការទាំងប្រាំពីរសណ្តាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសូមឧទ្ទិសបុណ្យកុសលជូនចំពោះដួងព្រះវិញ្ញាខ័ន្ធព្រះមហាក្សត្រគ្រប់ព្រះអង្គ និងសូមជូននូវបុណ្យកុសលដល់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ជូនដល់សម្តេចម៉ែ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យ មានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទាន បានដែរ ព្រោះធ្វើខុសកាលទាន ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាត ។ ក្នុងវត្តមួយ បើការចាំវស្សា គ្មានភិក្ខុសោះ ក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបានចាំវស្សា អស់៣ខែ បានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។ អ្នកមានបសាទសទ្ធា បានធ្វើកឋិនទាន រមែងទទួលបាននូវ ទី១/ សុរូបតា៖ មានរូបស្អាត ធ្វើឲ្យបុរសស្ត្រី ឃើញហើយស្រលាញ់ពេញចិត្ត ជារូបមានសម្ផស្ស គេស្ម័គ្រស្មាគមនិយមមេត្រីភាព ។ ទី២/សុវណ្ណតា៖ មានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាម ឬប្រជ្រុយជាដើម មិនខ្មៅស្រិល មិនសស្គុស មិនពពាលពព្រុស គឺសម្បុរល្អគួរជាទីចាប់ចិត្តនៃអ្នកផងទាំងឡាយ ។ ទី៣/ សុសណ្ឋានា៖ មានទ្រង់ទ្រាយ កម្ពស់ រាងរៅ សមសួនតាមកាលសម័យនៃអាយុកប្បនិមួយៗ ។ ទី៤/ចក្តវត្តិរាជាហោតិ៖ ត្រូវបានជាស្ដេចចក្រពត្រាធិរាជ ប្រកបដោយទសពិធ រាជធម៌ ក្នុងជាតិណាមួយដាច់ខាត ។ ទី៥/ឯហិភិក្ខុ៖ នឹងបានជួបព្រះ ប្រទះធម៌ ក្នុងអវសានជាតិ ហើយសម្រេចអរហត្តមគ្គ អរហត្តផល ដល់ព្រះនិពា្វន ។ បើស្ត្រីភេទ ក៏នឹងបានលុះមគ្គផល ក្នុងជាតិជាទីបំផុតមិនខាន ៕ ដោយ៖ វួច ពឿន