ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ គង់ស្តី កើតសុធា លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន និងសាច់ញាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញហែរអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅមណ្ឌលវិប្បសនាធុរៈខេត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អង្គកឋិនទានសាមគ្គីនេះបានប្រារពធ្វើឡើងចាប់ពីល្ងាចថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដោយមានពិធីថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល ព្រះសង្ឃសំដែងព្រះបរិត ជយន្តោ ប្រោះព្រហ្មដល់ពុទ្ធពុទ្ធបរិស័ទនាំមកនូវសេចក្តីសុខចំរើន និងមានការសំដែងធម៌ទេសនាអប់រំទូន្មានដល់ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។ លុះស្អែកឡើងថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨, មានពិធីដង្ហែរអង្គកឋិនទាន និងវេរប្រគេនត្រៃចីវរ គ្រឿងបរិក្ខា និងបច្ច័យជូនដល់ព្រះភិក្ខុសង្ឃ ជាកិច្ចបុណ្យ។
លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍សំដែងការរីករាយដោយឃើញថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយបានស្រុះស្រួលមូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើង ដោយទឹកចិត្តសប្បាយរីករាយ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។ លោកជំទាវបានមានប្រសាសន៍ថា យើងមានឱកាសធ្វើបុណ្យ ធ្វើទានកសាងនូវសេចក្តីល្អសំរាប់ជាតិនេះ និងជាតិខាងមុខ គឺដោយសារយើងមាននូវសុខ សន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ លោកជំទាវក៏បានមានប្រសាសន៍ជូននូវបុណ្យកុសលទាំងឡាយដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះ
ជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តាន និងដួងវិញ្ញាណខ័ន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងបានថ្វាយនូវព្រះរាជកុសល ជូនចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាត់ដល់កូនចៅរបស់ព្រះអង្គតរៀងរហូតទៅ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះសម្តេច ឯកឧត្តម ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្តប៉ៃលិន មន្រ្តីរាជការក្នុងខេត្តប៉ៃលិនទាំងអស់ ព្រមទាំងប្រជាពុទ្ធបរិស័ទ សូមបានសុខ ចំរ៉ុងចំរើន មានសន្តិភាព និងការអភិវឌ្ឍរីកចំរើនជារៀងរហូតទៅ៕ ដោយ៖ វួច ពឿន