ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិអូរស្ងួតចុះសួរសុខទុក្ខសមាជិកបក្សដែលរងរបួសដៃដោយម៉ាស៊ីន កាត់ដើមដំឡូង និង សមាជិកបក្សដែលមានប្តីជាប់គុកនៅប្រទេសថៃ


ល្ងាចថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្រុម​ការងារ​គណបក្សប្រជាជនកម្ពុជាចុះជួយភូមិអូរស្ងួត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី កើត ស៊ីធាម ជាប្រធានក្រុមការងារ បានអញ្ជើញចុះសួរ​សុខទុក្ខ​សមាជិកបក្សដែលរងរបួសដៃធ្ងន់ធ្ងរ​ដោយម៉ាស៊ីន​កាត់ដើមដំឡូង និង សមាជិកបក្សម្នាក់ទៀត​ដែលប្តីរបស់គាត់ជាប់គុកនៅប្រទេសថៃ បង្ករការលំបាក​ក្នុងការដោះ​ស្រាយជីវភាពក្រុមគ្រួសា​រ​តែម្នាក់ឯង។

លោកស្រី កើត ស៊ីធាម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិអូរស្ងួត​មានមាន​ប្រសាសន៍​សំដែងការអាណិតអាសូរដល់បងស្រីដែលរងរបួសដៃធ្ងន់ធ្ងរ ដោយសារម៉ាស៊ីនកាត់ដើមដំឡូង ក៏ដូចជាបងស្រីដែល​មាន​ស្វាមីជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ។ លោកស្រីបានមានប្រសាសន៍ថា ការងារជាច្រើនមានការលំបាក និង​ប្រឈមនឹងគ្រោះថ្នាក់ដល់ខ្លួនទៀតផង បើយើងមានការធ្វេសប្រហែសតែបន្តិចនោះ។ ជាក់ស្តែងករណីបងស្រីដែល​រងរបួសដៃនេះ គឺជារឿងមួយដែលគួរអាណិតអាសូណាស់ ព្រោះក្រៅអំពីពិការដៃហើយ ក៏នាំអោយ​ខាតបង់នូវ​ធនធានថវិកាសំរាប់ព្យាបាល និងពេលវេលាសំរាប់រកទទួលទានប្រចាំថ្ងៃទៀតផង។ លោកស្រីក៏បាន​សំណូមពរ​សូមបងស្រី ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការងារទាំងពួង ពិសេសការងារ​ជាមួយគ្រឿងម៉ាស៊ីននេះ មានគ្រោះថ្នាក់ណាស់ អាចបណ្តាលអោយមានរបួសស្នាម ឬអាចស្លាប់ក្នុងការណីភ្លាត់​ ដោយ​ប្រការ​ណាមួយ។ លោកស្រី កើត ស៊ីធាម ក៏បានសំដែងការសោកស្តាយផងដែរ ចំពោះបងស្រីដែលមាន​ស្វាមីកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ ដែលបង្ករការលំបាកដល់បងស្រីក្នុងការមើលថែទាំកូនចៅ និងរែក​ពុន​ការងារ​គ្រួសារតែម្នាក់ឯង។ លោកស្រីក៏បានសំណូមពរសូមអោយបងស្រី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន និងមិនត្រូវធ្វើការចំណាកស្រុកដោយប្រថុយប្រថាន គ្មានច្បាប់អនុញ្ញាតិនោះឡើយ ព្រោះអាច​នាំអោយមានផលលំបាកដល់ខ្លួឯង និងសង្គម។

ក្នុងឱកាសនោះផងដែរ លោកស្រី កើត ស៊ីធាម ក៏បានជួយឧបត្តម្ភនូវថវិកាដល់បងស្រីទាំងពីរនាក់ ដោយ​ម្នាក់ៗទទួលបានថវិកា៥០០០០រៀល៕ ដោយ៖ វួច ពឿន