ផ្លូវចាក់បេតុងមួយខ្សែថ្មីទៀត ប្រវែងជិត១គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ៥៧, ជិតវិមានឯករាជ្យ, ក្នុងភូមិបរឌិននៀវ មកទល់ផ្លូវសាលាបឋមសិក្សារតនសោភ័ណ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, នឹងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីឯកឧត្តម ធូ ភា និងឯកឧត្តម ហុក សុផល អភិបាលតងខេត្ត និងមន្រ្តីជំនាញជាច្រើនរូបទៀត។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ការកសាងផ្លូវបេតុងនេះ ក៏ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន ក្នុងការជួយសំរួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ និងការកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តមបានបន្តថា ផ្លូវបេតុងថ្មីនេះ គឺជាផ្លូវសំខាន់មួយ ក្នុងទីប្រជុំជនក្រុងប៉ៃលិន ដែលអាជ្ញាធរខេត្តមានការយកចិត្តទុកដាក់ សំរាប់សំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការកែលម្អសោភ័ណភាពក្នុងទីក្រុងប៉ៃលិនផងដែរ។ ឯកឧត្តមបានបន្តទៀតថា ផ្លូវបេតុងនេះកំពុងដំណើរការកសាងយ៉ាងរលូន ក្រោមកិច្ចសហការល្អជាមួយប្រជាពលរដ្ឋមូលដ្ឋាន សំរួលផលផលប៉ះពាល់ចំណីផ្លូវយ៉ាងស្រុះស្រួលបំផុត៕
ដោយ៖ វួច ពឿន