ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កំណត់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន និងរួមដំណើរដោយឯកឧត្តម ហែម ឫទ្ធី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្រ្តីជំនាញមួយចំនួនទៀត បានអញ្ជើញចុះត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កំណត់ នៅមាត់ច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឆ្មក់ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កំណត់ ចំនួន ០៣គ្រឿង។
ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ដោយគោរពតាមការចង្អុលបង្ហាញរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កំណត់ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅគ្រប់កន្លែងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដើម្បីរារាំងការដឹកលើសទម្ងន់ ដែលនាំឱ្យខូចផ្លូវសាធារណៈ។ ឯកឧត្តមបានបន្តថា ប្រតិបត្តិការបង្រ្កាបរថយន្តដឹកលើសទម្ងន់នេះ ធ្វើឡើងដោយតម្លាភាព ដោយមិនមានការអន្តរាគមន៍ជាដាច់ខាត ទោះបីរថយន្តដឹកលើសទម្ងន់នោះ ជារបស់អ្នកមានឥទ្ធិពល ឬមានអំណាចក៏ដោយ។ ឯកឧត្តម សេង ឈួន ក៏បានអំពាវនាវដល់ម្ចាស់រថយន្តដឹកជញ្ជូន ត្រូវគោរពច្បាប់ដឹកជញ្ជូន និងកម្រិតទម្ងន់ ដែលកំណត់ដោយច្បាប់ ជៀសវាងការធ្វើឲ្យខូចខាតផ្លូវសាធារណៈ ខាតបង់ថវិកាជាតិ សំរាប់ចំណាយជួសជុលផ្លូវឡើងវិញ។
សូមបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កំណត់ នេះ បានរកឃើញមានរថយន្ត ដឹកលើសទម្ងន់ចំនួន ០៣គ្រឿង ក្នុងចំណោមរថយន្ត៥គ្រឿង ដែលបានត្រួតពិនិត្យ ដោយដឹកលើសចន្លោះពី ៥តោន រហូតដល់ទៅ ៨,៥តោន។ បច្ចុប្បន្ននេះរថយន្តទាំង៣គ្រឿងត្រូវបានឃាត់ទុក រង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយទៅតាមនីតិវិធី និងត្រូវបង់ការផាកពិន័យទៅតាមច្បាប់ដឹកជញ្ជូន ដែលមានជាធរមាន៕ ដោយ៖ វួច ពឿន