ក្រុមការងារគណបក្ស ចុះជួយភូមិបរតាំងស៊ូ និងភូមិអូរច្រាលិច រៀបចំពិធីពិសារអាហារសាមគ្គី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា


ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ ក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិបរតាំងស៊ូ និងភូមិអូរច្រាលិច ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំពិធីពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ដើម្បីថ្លែង​អំណរ​គុណដល់ពួកគាត់ ដែលបានផ្តល់ការទុកចិត្ត បោះឆ្នោតគាំទ្រមកលើគណបក្សប្រជាជនកម្ពុជា ក៏​ដូច​ជា​ការអបអរសាទ័រនូវជ័យជំនះយ៉ាង​ច្រើនលើសលប់ ​របស់​គណបក្សប្រជាជនកម្ពុជា ក្នុងការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ កន្លងទៅនេះ។ ពិធីពិសារអាហារសាមគ្គីនេះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល ​ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមការងារចុះជួយ​សង្កាត់​បរយ៉ាខា លោក ស៊ុន យី អនុប្រធានក្រុមការងា ព្រមទាំងសមាជិក សមាជិការក្រុមការងារ​មួយចំនួន​ទៀតផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល ​ប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​បានមានប្រសាសន៍​សំដែងការអរគុណ ដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិទាំងពីរ និងក្រុមការងារចុះ​ជួយ​សង្កាត់បយ៉ាខាទាំងមូល ពិសេស​បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបាន​ផ្តល់ការទុកចិត្ត បោះ​ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ជានាយ​ក​រដ្ឋមន្រ្តីសំរាប់អាណត្តទី៦បន្តទៀត ក៏ដូចជាការគាំទ្រលោកជំទាវ បាន ស្រីមុំ ជាតំណាងរាស្រ្តមណ្ឌល​ប៉ៃលិន សំរាប់អាណត្តទី៦ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថាៈ បងប្អូនបោះ​ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជំរើសដ៏ត្រឹមត្រូវ ក្នុងទិសដៅគាំទ្រការអភិវឌ្ឍ​ប្រទេសជាតិ​អោយមានការ​រីកចំរើន គាំទ្រនូវសុខ សន្តិភាព ភាពសុខសាន្ត របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដូច្នេះយើងត្រូវរួមគ្នាបន្តទៀត ជំរុញការកាភិវឌ្ឍប្រទេសជាតិយើងអោយបន្តរីកចំរើន កសាងសុខ សន្តិភាព និងភាពស្មើមុខ ស្មើមាត់ នៅក្នុងឆាក​អន្តរជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាយើង។ ឯកឧត្តមក៏​បាន​ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នថែទាំសុខភាពអោយបានល្អ ព្រោះសុខភាព​ គឺ​ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្តភាព របស់រាជ​រដ្ឋាភិបាលអោយទទួលបានជោគជ័យ ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរ អំពើលួច-ប្លន់គ្រប់ប្រភេទ ការលេង​ល្បែង​ស៊ីសង ការជួញដូមនុស្ស ជួញដូរគ្រឿងញៀន បងតូចបងធំ ជាដើម…។ល៕ ដោយ៖ វួច ពឿន