ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្លឹបកំសាន្តភ្នំយ៉ាត មានរៀបចំពិធីបើកការពិនិត្យ ព្យាបាល និងផ្តល់វ៉ាកសាំងដល់សត្វចិញ្ជឹមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន( សត្វឆ្កែ និងសត្វឆ្មា) ដោយឥតគិតថ្លៃ, តាមរយៈគម្រោងកម្ពុជាគ្មានជំងឺឆ្កែឆ្កួត។ កម្មវិធីនេះរៀបចំឡើងដោយគ្លីនិក Animal MaMa សហការជាមួយក្លឹបកំសាន្តភ្នំយ៉ាត និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន។ ពិធីបើកការពិនិត្យព្យាបាលនេះ ក៏មានការចូលរួមពីឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី យូ លៀរី ប្រធានគ្លីនិក Animal MaMa និងលោកគ្រូ អ្នកគ្រូ បសុពេទ្យ មកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ដាណឺម៉ាក កាណាដា អូស្រ្តាលី និងសហរដ្ឋអាមេរិចផងដែរ។
លោកស្រី យូ លៀរី ប្រធានគ្លីនិក Animal MaMa បានមានប្រសាសន៍ថា ដោយមានកិច្ចសហការល្អរវាងក្លឹបកំសាន្តភ្នំយ៉ាត និងមន្ទីរកសិកម្មខេត្ត, តាមយៈគម្រោងកម្ពុជាគ្មានជំងឺឆ្កែឆ្កួត, គ្លីនិច Animal MaMa បានធ្វើការចុះពិនិត្យ ព្យាបាល និងផ្តល់វ៉ាកសាំង ដល់សត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨។ លោកស្រីបានបន្តថា ផែនការងារដែលយើងត្រូវធ្វើរយៈពេល៣ថ្ងៃនេះ មានដូចជា៖ ការផ្តល់វ៉ាក់សាំងសត្វការពារពីជម្ងឺ , វ៉ាក់សាំងឆ្កែឆ្កួត, ការទំលាក់សត្វល្អិត, ការក្រៀវសត្វ (គ្រប់គ្រងបរិមាណសត្វ) និងការព្យាបាលសត្វដែលមានជម្ងឺផងដែរ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ គ្លីនិក Animal MaMa និងដៃគូសហការទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងថវិកា ដើម្បីមកពិនិត្យ និងព្យាបាល សត្វ របស់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាលើកទី១ នៃការពិនិត្យ និងផ្តល់វ៉ាក់សាំង ការពារជំងឺ លើសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ដោយឥតគិតថ្លៃ។ ដូច្នេះសូមស្នើឱ្យមន្ត្រីជំនាញជាប់ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការសម្របសម្រួលអោយគ្លីនិក Animal MaMa ធ្វើសកម្មភាពការងារនេះ ដោយរលូនល្អ ទទួលបានលទ្ធផលគាត់ប្រសើរ និងត្រូវចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានផុលផុស នាំយកសត្វឆ្កែ សត្វឆ្មារបស់ខ្លួនមកពិនិត្យ ព្យាបាល និងផ្តល់វ៉ាកសាំងការពារជំងឺដល់សត្វទាំងនោះ៕ ដោយ ៖ វួច ពឿន