រដ្ឋបាលស្រុកសាលាក្រៅចុះសំអាត និងដាំផ្កាលំអរសួនរង្វង់មូលប្រជុំជនក្នុងស្រុកអោយមានសោភ័ណភាពល្អ


ថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨, លោក នូ សុគន្ធ ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និង លោក​ សំ​ សារ៉េត អភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្រ្តីរាជការ​សាលា​ស្រុក និងមន្រ្តីនៃការិយាល័យជំនាញជុំវិញស្រុក ចុះសំអាត និង​ដាំផ្កាលំអសួនរង្វង់មូលនៃទីប្រជុំជនស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីបង្កើនសោភ័ណភាព​ស្រុកអោយមានភាព​ស្រស់បំព្រង ទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងឡាយមកទស្សនាខេត្តប៉ៃលិន។

លោក សំសារ៉េត អភិបាលស្រុកសាលាក្រៅបានមានប្រសាសន៍ថា ឯកឧត្តម ផាន់ ចាន់ធុល អភិបាល​នៃគណ​អភិបាលខេត្តប៉ៃលិន តែងតែបានណែនាំចង្អុលបង្ហាញដល់រដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់លើការងារ​សំអាត​បរិស្ថាន ការដាំដើមផ្កា ដាំដើមឈើ កែលំអសោភ័ណភាពក្នុងស្រុក អោយមានស្រស់បំព្រង។ លើសពីនេះ​ក៏ត្រូវ​យកចិត្តទុដាក់ជាចាំបាច់ លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារអភិវឌ្ឍន៍ក្នុង​ស្រុកអោយ​មានការរីកចំរើន ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋ រួមចំណែកកាត់​បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្រ្តីរាជការ​ក្នុង​ស្រុកសាលាក្រៅ បានចុះសំអាត និងដាំផ្កានៅបរិវេណរង្វង់មូលស្រុកសាលាក្រៅនេះ ដើម្បីកែលំអសោភ័ណភាព​ប្រជុំជនស្រុក និងជាការដះស្មារតីប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់ អោយចេះស្រឡាញ់បរិស្ថាន និងចូលរួមសំអាត​បរិស្ថានអោយបានស្អាតល្អទាំងអស់គ្នា៕ ដោយ៖ វួច ពឿន